ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងការពារដែនអាកាសអ៊ីរ៉ង់​បាញ់ទម្លាក់យន្តហោះស៊ើបការណ៍គ្មានមនុស្សបើក​១គ្រឿង របស់បរទេស

ចែករំលែក៖

ក្រោយអ៊ីរ៉ង់ប្រកាសថា បានបាញ់ទម្លាក់យន្តហោះស៊ើបការណ៍គ្មានមនុស្សបើករបស់បរទេសមួយគ្រឿង ដែលបានហោះចូលក្នុងដែនដីអ៊ីរ៉ង់ ។ ភ្លាមៗនោះ អាមេរិក បានប្រកាសថា មិនមែនយន្តហោះរបស់ខ្លួនឡើយ​ ដោយយន្តហោះ គ្មានមុស្សបើកនៅទាំងអស់ មិនបានបាត់បង់មួយគ្រឿងណាឡើយ​។

ប្រព័ន្ធផ្សព្វផ្សាយនៅអ៊ីរ៉ង់បានរាយការណ៍ថា កងកម្លាំងការពារដែនអាកាសរបស់យោធាអ៊ីរ៉ង់ បានបាញ់ទម្លាក់យន្តហោះដ្រូន មួយគ្រឿងនៅទីក្រុង ម៉ាហាហ្សាហ៍ (Mahashahr) កាលពីថ្ងៃសុក្រសប្តាហ៍នេះ ស្របពេលដែលយោធាអាមេរិកបានចេញមុខអះអាងថា វាមិនមែនជាដ្រូនរបស់ខ្លួនឡើយ។

លោក ហ្គោឡាមរ៉េហ្សា ហ្សារីយ៉ាទី (Gholamreza Shariati) អភិបាលខេត្ត ឃូហ្សេស្ថាន (Khuzestan) នៅភាគនិរតីប្រទេសអ៊ីរ៉ង់បាននិយាយថា យន្តហោះដ្រូនដែលត្រូវបានបាញ់ទម្លាក់ គឺច្បាស់ជារបស់ប្រទេសដទៃណាមួយ។ បើតាមលោក Shariati អាជ្ញាធរអ៊ីរ៉ង់កំពុងធ្វើការប្រមែប្រមូលខ្មោចយន្តហោះដ្រូននោះ ដើម្បីយកទៅធ្វើការអង្កេត។

ពាក់ព័ន្ធដំណឹងខាងលើនេះ យោធាអាមេរិកបានច្រានចោលនូវលទ្ធភាពដែលថា យន្តហោះដ្រូននោះគឺជារបស់កងទ័ពអាមេរិក ព្រោះមិនមានយន្តហោះដ្រូនរបស់ខ្លួនណាមួយ ត្រូវបានគេបាញ់ធ្លាក់ឡើយ។ ចំណែកអ៊ីស្រាអែលដែលជាប្រទេសមួយទៀត ដែលអាចមានយន្តហោះដ្រូនស៊ើបការណ៍ តែងលួចធ្វើប្រតិបត្តិការក្នុងដែនអាកាសអ៊ីរ៉ង់នោះ បានបដិសេធក្នុងការបញ្ចេញមតិជុំវិញបញ្ហានេះ។

គួរជម្រាបថា កាលពីខែមិថុនា ឆ្នាំ២០១៩នេះ យោធាអ៊ីរ៉ង់បានទម្លាក់យន្តហោះដ្រូនមួយគ្រឿងរបស់កងទ័ពជើងទឹកអាមេរិក ដោយអ៊ីរ៉ង់បានអះអាងថា យន្តហោះនោះបានរំលោភដែនអាកាសរបស់ខ្លួន ប៉ុន្តែសហរដ្ឋអាមេរិកបានប្រកែកថា វាហោះនៅក្នុងដែនអាកាសអន្តរជាតិឯណោះទេ។ នៅចំពោះមុខភាពតានតឹងដ៏ក្តៅគគុកនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថែមទាំងបានចេញបញ្ជាឲ្យវាយប្រហារសងសឹកលើអ៊ីរ៉ង់ទៀតផង ប៉ុន្តែលោកបានសម្រេចចិត្តលុបចោលបទបញ្ជានេះវិញ នៅនាទីចុងក្រោយ៕


ចែករំលែក៖