អាជ្ញាធរបង់ក្លាដែស បានឲ្យដឹងថា ខ្យល់ព្យុះមានកម្លាំងខ្លាំង បានទៅដល់ប្រទេសនេះ កាលពីយប់ថ្ងៃសៅ ទី៩ ខែវិច្ឆិកា ហើយអាជ្ញាធរបានប្រើប្រាស់កម្លាំងអ្នកស្ម័គ្រចិត្ត និងមន្រ្ដីពាក់ព័ន្ធចំនួន៥ម៉ឺននាក់ ដើម្បីជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីមានសុវត្ថិភាព។
មន្រ្ដីព្យាករណ៍អាកាសធាតុ នៅក្នុងរដ្ឋធានីដាកា Dhaka បានថ្លែងថា ខ្យល់ព្យុះស៊ីក្លូន Bulbul នេះ បានចុះកម្លាំងខ្សោយទៅវិញ នៅពាក់កណ្ដាលយប់ ថ្ងៃសៅរ៍។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ខ្យល់ព្យុះដ៏កំណាចនេះ កំពុងតែគំរាមកំហែងដល់តំបន់ ឆ្នេររបស់ប្រទេសនេះយ៉ាងខ្លាំង។ ប៉ុន្ដែបើតាមការព្យាករណ៍អាកាសធាតុចុងក្រោយ បានឲ្យដឹងថា ខ្យល់ព្យុះស៊ីក្លូននេះ អាចបន្ដទៅកាន់ឆ្នេរ នាភាគនិរតី នៃប្រទេសនេះ នៅវេលាម៉ោង៣ ម៉ោងក្នុងស្រុក។
លោក Enamur Rahman រដ្ឋមន្រ្ដីគ្រប់គ្រងគ្រោះមហន្ដរាយរបស់ប្រទេសបង់ក្លាដែស បានឲ្យដឹងថា អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋប្រហែលជាង៣០ម៉ឺននាក់ទៅកាន់ទៅមានសុវត្ថិភាព ហើយមនុស្សជាង១,៨លាននាក់ រំពឹងថា នឹងជម្លៀសខ្លួន គេចចេញពីខ្យល់ព្យុះដ៏កំណាចនេះផងដែរ។
ខ្យល់ព្យុះស៊ីក្លូននេះ បានបក់បោកទៅលើឈូងសមុទ្របឹងហ្គាល់ ហើយគេរំពឹងថា វានឹងវាយប្រហារទៅលើឆ្នេរសមុទ្ររបស់ប្រទេសនេះ នៅកណ្តាលអធ្រាត្រ។ រីឯអាជ្ញាធរ ក៏បានរៀបចំទីជម្រក ជាង៥០០០ខ្នង សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋស្នាក់នៅជាបណ្ដោះអាសន្ន។
លោក Ayesha Khatun អនុប្រធាននាយកដ្ឋានឧតុនិយម បានថ្លែងថា ឥទ្ធិពល នៃព្យុះកំណាចនេះ បានបង្កឲ្យមានភ្លៀងធ្លាក់មកយ៉ាងខ្លាំង នៅក្នុងតំបន់នេះ។ ព្យុះនេះ បានបោកបក់ក្នុងល្បឿនអតិបរមា ៧៤ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវានឹងកើនល្បឿនឡើងវិញ រហូតទៅដល់ ១៥០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ រីឯតំបន់ Khulna នាភាគនិរតី នៃប្រទេសនេះ អាចជាតំបន់រងគ្រោះខ្លាំងបំផុត ហើយតំបន់ Sundarbans នេះ ក៏ព្រៃកោងកាងធំជាងគេនៅលើពិភពលោក ដោយវាលាតសន្ធឹងតាមព្រំដែនបង់ក្លាដែស-ឥណ្ឌា។
ទោះជាយ៉ាងណា អាជ្ញាធរបង់ក្លាដែស នៅមិនទាន់បានបញ្ជាក់អំពីទំហំ នៃការខូចខាត និង ចំនួនអ្នកស្លាប់ ឬរបួសនៅឡើយ៕