ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ នៅថ្ងៃទី១០ ខែវិច្ឆិកា នេះ ថា បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ឆ្នាំ២០១៩ បានចាប់ផ្តើមនៅថ្ងៃទី១០ ខែវិច្ឆិកា នេះ ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈហ្វេសប៊ុកផេក ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរ និង សប្បាយរីករាយក្នុងថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ នេះ ដោយសូមបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាការប្រណាំងទូកងនៅមាត់ទន្លេអោយបានច្រើនកុះករ ឬ ទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ។
នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍សង្កត់ធ្ងន់ថា “ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន។ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ”។
សម្តេចតេជោ សូមអាជ្ញាធរ និង សមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីអោយប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយនៅក្នុងពិធីបុណ្យអុំទូក ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ៕