សុខសប្បាយជាទេបងប្អូនជនរួមជាតិ?
ថ្ងៃនេះជាថ្ងៃទី២ ហើយ នៃពិធីបុណ្យអុំទូក។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ, កូនក្មួយយុវជន និងភ្ញៀវទេសចរអន្តរជាតិចូលរួមកំសាន្តសប្បាយ និងស្វែងយល់ពីវប្បធម៍ប្រពៃណីទំនៀមទម្លាប់ដ៏ល្អរបស់ខ្មែរយើងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីព និងសំពះព្រះខែ ដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១០ ដល់ ១២ វិច្ឆិកា នេះ។
ប្រទេសជាតិមានសុខសន្តិភាព ពិធីបុណ្យក៏បានដំណើរការដោយរលូនដែលផ្តល់នូវភាពសប្បាយរីករាយនៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃ៩ វិច្ឆិកា ខួប៦៦ឆ្នាំនៃបុណ្យឯករាជ្យជាតិ និងទិវាហូបអំបុកខ្មែរថែជាតិ សាសនា និងព្រះមហាក្សត្រ ហើយបន្តចូលមកដល់បុណ្យអុំទូកដែលកំពុងផ្តល់នូវភាពសប្បាយរីករាយដល់ពលរដ្ឋនៅទូទាំងប្រទេស។ នៅមាត់ទន្លេមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ កាលពីម្សិលមិញ គឺមានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករ។
សូមសមត្ថកិច្ចដែលមាតួនាទីទទួលខុសត្រូវក្នុងពិធីបុណ្យ យកចិត្តទុកដាក់ជួយសម្របសម្រួលសណ្តាប់ធ្នាប់សាធារណៈអោយបានល្អ ដើម្បីបងបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរកាន់តែមានឱកាសបានសប្បាយរីករាយនៅទូទាំងប្រទេស៕