ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្រ កំពុងត្រៀមព្យាបាល និងជួយសង្គ្រោះកីឡាករណាដែលជួបបញ្ហាផ្សេងៗ និងព្យាបាលជូនប្រជាពលរដ្ឋ ដែលលេងកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីការពារប្រជាពលរដ្ឋ និងសង្គ្រោះកីឡាករទូក.ងណាដែលជួបបញ្ហាផ្សេងៗ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលត្រូវជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រុមគ្រូពេទ្យដែលយាមប្រចាំការ កំពុងផ្តល់សេវាពិគ្រោះ និងពិនិត្យបញ្ហាសុខភាព ជូនបងប្អូនប្រជាពលរដ្ឋយើងបានយ៉ាងល្អប្រសើរ ។

ក្នុងឱកាសព្រះរាជពិធីបុណ្យនេះ គេសង្កេតឃើញមានបណ្តាញក្រុមគ្រូពេទ្យទាំងអស់ បានដាក់យាមតាមគោលដៅនានាយ៉ាងច្រើនកន្លែង។ ក្នុងនោះផងដែរ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត ដែលមានរថយន្តសង្គ្រោះបន្ទាន់ មានកន្លែងសង្គ្រោះ ពិនិត្យ និងព្យាបាល នៅជាប់នឹងវេទិកាធំ របស់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែតែម្តង។

យោងតាមប្រភពព័ត៍មានពីថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋដែលកម្សាន្ត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក មិនទាន់មានបញ្ហាធ្ងន់ធ្ងរអី្វទេ គ្រាន់តែប្រជាពលរដ្ឋខ្លះ គាត់មានអាការៈចុកពោះ និងវិលមុខបន្តិចបន្តួចប៉ុណ្ណោះ។

ប្រភពដដែលបន្តថា «ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត កំពុងធ្វើសកម្មភាពមមាញឹក ដោយស្មារតីយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលអ្នកជំងឺ ពីក្រុមគ្រូពេទ្យវេជ្ជបណ្ឌិតគ្រប់ជំនាញទាំងអស់»។

សូមបញ្ជាក់ថា មន្ទីរពេទ្យកាល់ម៉ែត បានដាក់ប្រចាំការដើម្បីសង្គ្រោះ មានគោលដៅនៅជាប់វេទិកា ដែលមានថ្នាក់ដឹកនាំសំខាន់ៗនៅលើវេទិកា។ ក្នុងនោះក្រុមគ្រូពេទ្រ ក៏បានត្រៀមព្យាបាល និងជួយសង្គ្រោះកីឡាករណាដែលជួបបញ្ហាផ្សេងៗ ខណៈការផ្តល់សេវា ក៏មានភាពល្អប្រសើរផងដែរ។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានតាំងពីបូរមបុរាណយូរលង់មកហើយ ដែលមានចែងក្នុងឯកសារ របស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរផងដែរ។ ព្រះរាជពិធីបុណ្យនេះ តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល០៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប។ នៅឆ្នាំ២០១៩នេះ ព្រះរាជពិធីបុណ្យអុំទូក ដំណើរការទៅចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ៕ ស តារា


ចែករំលែក៖