ព័ត៌មានទាន់ហេតុការណ៍៖

ជារៀងរាល់ឆ្នាំ មានកុមារនិងទារកជិត​១លាននាក់ស្លាប់ដោយសារតែជំងឺរលាកសួត

ចែករំលែក៖

នៅក្នុងសម័យកាលវិជ្ជសាស្ត្រទំនើប ការស្រាវជ្រាវ រកឃើញថ្នាំព្យាបាលជំងឺផ្សេងៗ គ្រប់ប្រ​ភេទ​ ​ ប៉ុន្តែមនុស្សស្លាប់ដោយសារជំងឺក៏កាន់តែកើនឡើងផងដែរ ។ តាមរបាយការណ៍របស់អង្គការ​ UNICEF ​បានបញ្ជាក់ថា ជំងឺរលាកសួត សម្លាប់កុមារ និងទារក ជាង៨សែននាក់ នៅលើពិភពលោក។

អង្គការសុខភាពពិភពលោក នៅថ្ងៃទី១២ ខែវិច្ឆិកា បានឲ្យដឹងថា ជំងឺរលាកសួត បាន​សម្លាប់ទារក និងកុមារ ប្រហែលជាង៨សែននាក់ កាលពីឆ្នាំកន្លងទៅ ឬគេអាចនិយាយបានថា រៀងរាល់៣៩វិនាទី មានកុមារម្នាក់ស្លាប់ ដោយសារជំងឺនេះ។

នៅក្នុងរបាយការណ៍របស់ភ្នាក់ងារសុខភាពពិភពលោក បានឲ្យដឹងថា  អង្គការ Unicef អង្គការមនុស្សធម៌សង្រ្គោះកុមារអន្ដរជាតិ និងភ្នាក់ងារសុខាភិបាល​ ចំនួន៤ផ្សេងទៀត បានជំរុញឲ្យរដ្ឋាភិបាលនានា នៅលើពិភពលោក បង្កើនការវិនិយោគ ទៅលើវ៉ាក់សាំង ដើម្បីបង្ការជំងឺ ក៏ដូចជា ការបម្រើដល់វិស័យសុខាភិបាល និងថ្នាំសម្រាប់ព្យាបាលជំងឺនេះ។

លោក Seth Berkley នាយកប្រតិបត្តិ នៃសម្ពន្ធភាពវ៉ាក់សាំង GAVI បានមានប្រសាសន៍ថា ជាការពិតណាស់ ជំងឺដែលអាចការពារបាន អាចព្យាបាល និងធ្វើរោគវិនិច្ឆ័យ​បានយ៉ាង​ងាយស្រួល ក៏នៅតែជាឃាតករសម្លាប់កុមារដ៏ច្រើនបំផុត នៅលើពិភពលោក ដែលមើល​ទៅ គួរឱ្យរន្ធត់ណាស់»។ ការរលាកសួត គឺជាជំងឺសួតដែលបណ្តាលមកពីបាក់តេរី វីរុស ឬផ្សិត។ ជនរងគ្រោះ ដោយសារជំងឺនេះ ត្រូវតែប្រឈមនឹងការពិបាកដង្ហើម ខណៈសួត​របស់ពួកគេពោរពេញទៅដោយខ្ទុះ និងវត្ថុរាវ។ ករណីនេះ គេអាចការពារបាន ដោយថ្នាំ​បង្ការ និងព្យាបាលដោយថ្នាំអង់ទីប៊ីយោទិក ហើយក្នុងករណីធ្ងន់ធ្ងរ ក៏ត្រូវប្រើប្រាស់​អុកស៊ីសែនផងដែរ។ ប៉ុន្តែបើនៅក្នុងប្រទេសក្រីក្រ ការប្រើថ្នាំទាំងនេះ ច្រើនតែមាន​ការកំណត់។

ប្រទេសនីហ្សេរីយ៉ា ឥណ្ឌា ប៉ាគីស្ថាន សាធារណរដ្ឋកុងហ្គោ និង ប្រទេសអេត្យូពី ត្រូវបាន​គេកត់​ត្រាឃើញថា កុមារជាងពាក់កណ្ដាល នៃចំនួនខាងលើ បានស្លាប់ដោយ​សារជំងឺ​រលាក​ដង្ហើម កាលពីឆ្នាំកន្លងទៅ។ ភាគច្រើន នៃទារកដែលស្លាប់នោះ គឺមានអាយុ​ក្រោម២ឆ្នាំ។

លោក Kevin Watkins នាយកប្រតិបត្ដិ នៃអង្គការសង្រ្គោះកុមារ បានឲ្យដឹងថា កុមាររាប់​លាន​នាក់​ កំពុងត្រូវការថ្នាំបង្ការ និងព្យាបាលឲ្យបានដិតដល់។​ ករណីនេះ ជំរុញឲ្យមានការ​ឆ្លើយ​តប​ជាបន្ទាន់ពីអន្ដរាជាតិ៕


ចែករំលែក៖