ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីស្រាអែលវាយប្រហារសម្លាប់មេដឹកនាំក្រុមជីហាតនៅកាហ្សា

ចែករំលែក៖

ស្ថានភាពនៅក្នុងតំបន់កាហ្សាកាន់តែតានតឹងថែមទៀតក្រោយពេលដែល មេដឹកនាំក្រុម អ៊ីស្លាម​ជីហាត​​រងការវាយប្រហារសម្លាប់ពីកម្លាំងទាហានអ៊ីស្រាអែល នៅតំបន់កាហ្សា ។​

ក្រោយការវាយប្រហារ ក្រុមជីហាត និង ហាម៉ាសនៅកាហ្សាក៏បានបើកការវាយបកទៅ​លើទឹកដីអ៊ីស្រាអែល​ ដោយរ៉ុក្កែត​ជាច្រើនគ្រាប់​ បានបាញ់ចេញពីកាហ្សាសម្តៅទៅ​កាន់ទឹកដីអ៊ីស្រាអែលនៅតំបន់ភាគ​ខាងត្បូង ក្រោយកម្លាំងទាហានអ៊ីស្រាអែល បើកការវាយប្រហារតាមដែនអាកាស ទៅ​លើ​ទី​​តាំងមេដឹកនាំ អ៊ីស្លាមជីហាត​(Jihad)។

កម្លាំងទាហាន ការពារអ៊ីស្រាអែល​ IDFកាលពីថ្ងៃទី​១២ ខែវិច្ឆិកា បានប្រកាសថា ខ្មាន់​កាំភ្លើង ក្រុមប៉ាឡេស្ទីននៅកាហ្សា​បានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ទៅកាន់តំបន់​ភាគខាងត្បូង​អ៊ីស្រាអែល​។ ភ្លាមៗនោះ កណ្តឹងប្រកាសអាសន្ន​របស់អ៊ីស្រាអែល​ក៏បានបន្លឺឡើង​ ជា​សញ្ញា​​​ឲ្យពលរដ្ឋ ចូលទៅលាក់ខ្លួននៅតំបន់មានសុវត្ថិភាព​។ នៅពេលនេះ មិនទាន់​មានព័ត៌មានស្តីពីការខូចខាត ទ្រព្យសម្បត្តិ និងអាយុជីវិត​ដោយការវាយ​ប្រហារខាង​លើនោះឡើយ​។

ការវាយប្រហារខាងលើ កើតឡើង ក្រោយពេលកម្លាំងទាហានអ៊ីស្រាអែល បានប្រកាសថា​​បានវាយប្រហារទម្លាក់គ្រាប់ទៅលើផ្ទះ​មេបញ្ជាការ កម្លាំងប្រដាប់អាវុធអ៊ីស្លាម ជីហាត របស់ប៉ាឡេស្ទីន​​ សម្លាប់មនុស្ស​២នាក់​ ក្នុងនោះមានមេដឹកនាំក្រុម​ជីហាត លោក​ Baha Abu al Ata ។

អ៊ីស្រាអែល​បានចោទប្រកាន់មេដឹកនាំជីហាត លោក​ Baha Abu al Ata នៅពីក្រោយការវាយប្រហារ នាពេលកន្លងមក​។ ក្រុមអ្នកសង្កេតការណ៍ បង្ហាញពីក្តីបារម្ភ​ក្រោយការស្លាប់​ Baha Abu al Ata អាចបង្កឲ្យមានការប៉ះទង្គិចគ្នាជាទ្រង់ទ្រាយធំកើតឡើង រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន​៕


ចែករំលែក៖