ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន នឹងជួបជាមួយសមភាគីអ៊ុយក្រែនលោកប្រធានាធិបតី Volodymyr Zelensky នៅទីក្រុងប៉ារីស ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ជាការជួបទល់មុខគ្នាលើកដំបូងបំផុតរបស់ពួកគេ ដើម្បីស្វែងរកការបញ្ចប់ជម្លោះដែលកំពុងកើនឡើងនៅក្នុងប្រទេសអ៊ុយក្រែន ។ នេះបើតាមវិមានប្រធានាធិបតីបារាំងចេញថ្លែងការណ៍កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
វិមានប្រធានាធិបតីបារាំង Elysee Palace បានបញ្ជាក់ថា មេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងលោកប្រធានាធិបតី Emmanuel Macron និងមេដឹកនាំអាល្លឺម៉ង់ Angela Merkel នឹងជួបប្រជុំកំពូល៤ភាគី គោលបំណងស្វែងរកដំណោះស្រាយវិបត្តិនៅភាគខាងកើតអ៊ុយក្រែន ទីដែលក្រុមផ្តាច់ខ្លួនគាំទ្ររុស្ស៊ី បានប្រកាសបំបែកខ្លួនចេញពីតំបន់នោះ ។
លោក Macron ដែលជាអ្នកឈានមុខគេនៅក្នុងការស្វះស្វែងរកសន្តិភាពជូនដល់ប្រទេសអ៊ុយក្រែននោះ បានមានក្តីសង្ឃឹមថា ជំនួបកំពូលនោះកើតឡើងនៅក្នុងខែធ្នូ ប៉ុន្តែវាបានកើតឡើងទាំងមានឧបសគ្គជាច្រើន ហើយដែលពិបាលនៅក្នុងការដោះស្រាយវិបត្តិនោះផងដែរ ។
វិមានElysee បានប្រកាសថា នៅអំឡុងពេលថ្មីៗនេះ ការរីកចម្រើនបានវិវឌ្ឍន៍ច្រើនឡើង រវាងភាគីពាក់ព័ន្ធ ដែលបានអនុញ្ញាតឲ្យកងទ័ពមានការដកថយពីទីកន្លែងប្រឈមនូវជម្លោះដ៏ស្រួចស្រាវនោះ ។
វិមានប្រធានាធិបតីបារាំងបញ្ជាក់ថា ជំនួបកំពូលនឹងបើកទូលាយឲ្យមានជំហានថ្មីៗ បន្ថែមទៅលើកិច្ចព្រមព្រៀងទីក្រុង Minsk ក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥ ដែលបាននាំឲ្យបញ្ចប់ជម្លោះ ប៉ុន្តែហាក់នៅមិនទាន់បានអនុវត្តឲ្យបានពេញលេញនៅឡើយ ។
ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់តាមទូរស័ព្ទជាមួយលោក Marcon ថា នឹងទៅចូលរួមកិច្ចប្រជុំនេះផងដែរ ៕