ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុដែលបានចូលរួមគាំទ្រគម្រោងសាងសង់ផ្លូវក្នុងក្រុងចំនួន ៣៤ ខ្សែ

ចែករំលែក៖

ខេត្តព្រះសីហនុៈ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុដែលបានចូលរួមគាំទ្រគម្រោងសាងសង់ផ្លូវក្នុងក្រុងចំនួន ៣៤ ខ្សែ លើទឹកប្រាក់ប្រមាណ $២៩៤ លានដុល្លារ ដែលត្រូវសាងសង់អោយហើយនៅក្នុងរយៈពេលតែជាង ៨ខែ គិតចាប់ពីថ្ងៃបើការដ្ឋានសាងសង់នៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ។

ខេត្តព្រះសីហនុគឺជាខេត្តដែលមានសក្តានុពលបំផុតមួយ ដែលក្នុងឆ្នាំ ២០១៩ នេះ គឺបានទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណ ១លាន ៩សែននាក់ ដែលក្នុងនោះគឺមានទេសចរជាតិប្រមាណ ១លាន២សែន នាក់ និងទេសចរបរទេសប្រមាណ ៧៣ម៉ឺននាក់ ចំនួននេះគឺមានការកើនឡើងប្រមាណ ១០.៦២%។ ទន្ទឹមនឹងនេះដែរ ខេត្តព្រះសីហនុក៏ត្រូវប្រឈមនឹងបញ្ហាទឹកកង្វក់ស្អុយផងដែរ គឺត្រូវតែមានវិធានការទប់ស្កាត់កុំអោយហូរចូលមកសមុទ្រ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំអោយប្រើប្រាស់ថវិកាប្រមាណ $១៧០ លានដុល្លារបន្ថែមទៀត សម្រាប់គម្រោងទឹកស្អាត ដែលប្រទេសចិនជាមិត្តបានជួយជាជំនួយឥតសំណងលើទឹកប្រាក់សរុបប្រមាណ $៦០០ លានដុល្លារអាមេរិក។

មិនថាតែក្រុងព្រះសីហនុទេ គឺសូមបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសនាំគ្នាថែរក្សាសំអាតសំរាមអោយបានស្អាតល្អ ជាពិសេសនៅតាមសមុទ្រ កុំបោះសំរាមចោលពាសវាលពាសកាល ជាពិសេសថង់ប្លាស្ទិក ដែលធ្វើអោយប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ដើម្បីសោភ័ណភាព ខេត្ត ក្រុង និងមុខមាត់ ប្រទេសជាតិយើង គឺយើងទាំងអស់គ្នាត្រូវចូលរួមសម្អាតអនាម័យអោយបានគ្រប់ៗគ្នានៅទូទាំងប្រទេស៕


ចែករំលែក៖