រយៈពេលចុងក្រោយនេះ រុស្ស៊ីបានអូសទាញសម្ព័ន្ធមិត្តរបស់អាមេរិក ទាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាស៊ី មកទិញអាវុធរបស់ខ្លួន ក្នុងនោះមានឥណ្ឌានិង អារ៉ាប៊ីសាអូឌីតជាដើម។ កន្លងមក ថ្មីៗ រុស្ស៊ីនិង អារ៉ាប៊ី សាអូឌីតចុះកិច្ចព្រមព្រៀង ទិញអាវុធមានតម្លៃ ជាង២ពាន់លានដុល្លារ។ ទាំងនោះជាជោគជ័យយ៉ាងធំធេងរបស់រុស្ស៊ី ក្រោយចូលរួមនៅក្នុងសង្គ្រាមប្រទេសស៊ីរី។
អារ៉ាប៊ីសាអូឌីត ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់អាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា និងជា ប្រទេសទិញអាវុធពីអាមេរិកច្រើនជាងគេបំផុតនៅលើពិភពលោក គិតជាទឹកប្រាក់ជាង១០០ពាន់លានដុល្លារ។ ប៉ុន្តែកន្លងមក ប្រព័ន្ធមីស៊ីលការពារដែលទិញពីអាមេរិក មិនអាចទប់ស្កាត់ការវាយប្រហារទៅលើទីតាំងចម្រាញប្រេងពីរកន្លែងនៅក្នុងប្រទេសនេះឡើយ។
ភ្លាមៗនោះរុស្ស៊ីក៏បានស្នើអារ៉ាប៊ី សាអូឌិត ទិញមីស៊ីលការពារពីរុស្ស៊ីវិញ ហើយពេលនេះ ក៏បានព្រមព្រៀងចុះហត្ថលេខាទិញប្រព័ន្ធមីស៊ីលការពារ S-400 មានតម្លៃដល់ទៅជាង ២ពាន់ដុល្លារអាមេរិក ។ក្រៅពីនេះនៅមានអាវុធជាច្រើនប្រភេទទៀត ។
ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានស្នើដល់អារ៉ាប៊ីសាអូឌីត គួតែទិញប្រព័ន្ធមីស៊ីលការពារ S-300 ឬ S-400 ដើម្បីការពារទីតាំងរោងចក្រប្រេងរបស់ប្រទេសនេះគេចផុតពីការវាយប្រហារ។ លោកពូទីនបញ្ជាក់ថា «បណ្តាមេដឹកនាំអារ៉ាបគួតែ មានការសម្រេចប្រកបដោយសុទិដ្ឋិនិយម ដូចជាមេដឹកនាំរបស់អ៊ីរ៉ង់ ដែលបានទិញប្រព័ន្ធមីស៊ីលការពារ រុស្ស៊ី S-300 និងតួកគីទិញ S-400 Triumph មីស៊ីលទាំងនោះអាចការពារបានយ៉ាងល្អ»។
ជាមួយនិងការចុះកិច្ចព្រមព្រៀងទិញអាវុធពីរុស្ស៊ីរបស់ អារ៉ាប៊ីសាអូឌិត និងធ្វើឲ្យទំនាក់ទំនង រវាង ប្រទេសនេះនិងអាមេរិក ប្រឈមមុនតានតឹងដាក់គ្នា ពិសេសគឺប្រទេសរុស្ស៊ីដែលបានដណ្តើមអតិថជនដ៏សំខាន់របស់អាមេរិក ក្នុងតំបន់មជ្ឈិមបូព៌ា ៕