ភ្នំពេញ៖ រថយន្តកុងតឺន័របើកកៀរម៉ូតូមួយគ្រឿងអូសជិត២០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យភ្លាមៗ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធិ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ បុរសម្នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1L-7702 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ខណះមកដល់ចំណុចកើត ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៍ទឹកប៊ិច ពាក់ស្លាកលេខ ស្វាយរៀង 3A-1102 ធ្វើដំណើរក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿនបានកៀរម៉ូតូជនរងគ្រោះគៀបជាប់ក្រោមកង់រថយន្តអូសជិត២០ម៉ែត្រ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ (សំណាងល្អ ជនរងគ្រោះខ្ទៀតចេញពីកង់រថយន្ត គ្រាន់តែរងរបួស មិនគ្រោះថ្នាក់ដល់អាយុជីវិត) ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ បានទាក់ទងទៅខាងជំនាញ ចុះមកវាស់វែងយកម៉ូតូ និងរថយន្តបង្កទៅរក្សាទុកនៅ អធិការដ្ឋាននគបាលខណ្ឌច្បារអំពៅ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ