ព័ត៌មានទាន់ហេតុការណ៍៖

តារាថតឈុតស្រើបស្រាល អាណារ៉ូស និងយុទ្ធ ឋានៈ សម្រេចសម្រួលគ្នាក្រោយក្រសួងណែនាំ

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតជម្លោះសង្គ្រាមជាពាក្យសម្តីរវាងតារាសម្តែងស្រី កញ្ញា ហាស់ វីរ៉ាស្រីរ័តុ្ន ហៅ អាណារ៉ូស និងតារាប្រុសលោក យុទ្ធ ឋានៈនោះសម្រេចបញ្ចប់ដោយសន្តិវិធីហើយ ។ ការបញ្ចប់ជម្លោះ និងបញ្ចប់ការថតវីដេអូស្រើបស្រាល ។

យោងតាមប្រភពពីមន្ត្រីនៃក្រសួងវប្បធម៌បានបញ្ជាក់ថា កាលពី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមវត្តមានលោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំការកោះប្រជុំមួយក្នុងគោលបំណងសម្រួល និងដោះស្រាយបញ្ហាខាងលើ ។

ក្រៅពីសមាជិកក្រុមប្រឹក្សា ក៏មានវត្តមានផ្ទាល់ កញ្ញា អាណា រ៉ូស លោក យុទ្ធ ឋានៈ និងអ្នកគ្រប់គ្រងផលិតកម្ម P Production ដើម្បីសម្របសម្រួល ដោះស្រាយបញ្ហា និងផ្តល់ការណែនាំ អំពីសកម្មភាពនៃការថតវីដេអូបទចម្រៀង ដែលធ្វើប៉ះពាល់ដល់សីលធម៌ ប្រពៃណី ទំនៀមទំលាប់ និងសេចក្ដីថ្លៃថ្នូរនៃសង្គមជាតិ ។ ប្រភពថា ភាគីពាក់ព័ន្ធទាំង៣ បានទទួលកំហុស និងសុំអភ័យទោសនូវរាល់ទង្វើមិនសមរម្យ និងការប្រព្រឹត្តខុសទាំងនោះ ដែលបានធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិ ក៏បានសន្យាថា នឹងមិនធ្វើឱ្យមានកំហុសឆ្គងសម្រាប់ពេលខាងមុខឡើយ ។

ក្រុមប្រឹក្សាពិន័យបានលើកឡើងថា កំហុសឆ្គងដែលកន្លងហួសហើយ អាចចាត់ទុកជាបទពិសោធន៍ តែសូមយកបទពិសោធន៍នេះ កែប្រែខ្លួនមកជា យុវជនល្អ កូនល្អ សិល្បករគំរូ ដែលសង្គមជាតិត្រូវការ ចូរខិតខំសាងកេរ្តិ៍ឈ្មោះដើម្បីខ្លួនឯង កិត្តិយសដើម្បីក្រុមគ្រួសារ និងភាពថ្លៃថ្នូរសម្រាប់សង្គមជាតិខ្មែរ ។

គួរបញ្ជាក់ដែរថា កាលពីដើមខែវិច្ឆិកា កន្លងទៅនេះ វីដេអូស្តីពីការសម្តែងបទចម្រៀងមួយសម្តែងដោយតារាសម្តែង អាណារ៉ូស និងលោកយុទ្ធ ឋានៈ រងការរិះគន់ខ្លាំងពីមហាជនពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ។ រិះគន់ ព្រោះតែវីដេអូឱបថើបបែបស្រើបស្រាលលូកស្ទាបបឺតមាត់ ដែលគេចាត់ទុកថា បានប៉ះពាល់ និងជះឥទ្ធិពលមិនល្អសម្រាប់យុវជន និងសង្គមជាតិ៕ វឌ្ឍនា


ចែករំលែក៖