ការបាញ់ប្រហារនៅអាមេរិក កើតឡើងស្ទើរតែរៀងរាល់ថ្ងៃ ដោយសារតែការប្រើប្រាស់កាំភ្លើងបែបអនាធិបតេយ្យ មិនមានការគ្រប់គ្រងច្បាស់លាស់ ។ ពេលថ្មីៗ មានការបាញ់ប្រហារនៅរដ្ឋកាលីហ្វ័រញ៉ា សមា្លប់មនុស្សជាច្រើន នាក់ ។ នៅពេលនេះបាញ់ប្រហារនៅរដ្ឋអូក្លាហ៊ូម៉ាវិញម្តង។
ប៉ូលិសអូក្លាហ៊ូម៉ា បានបញ្ជាក់ថា មានករណីបាញ់ប្រហារមួយ បានកើតឡើង កាលពីវេលាម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃទី១៨ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) នៅក្នុងផ្សារទំនើប Walmart ក្នុងតំបន់ Duncan រដ្ឋ Oklahoma សហរដ្ឋអាមេរិក ដោយបានបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ ក្នុងនោះមានជនដៃដល់ម្នាក់ផងដែរ។
សារព័ត៌មាន ក្នុងតំបន់ The Duncan Banner បានដកស្រង់សម្តីរបស់លោក Jason Hicks មន្ត្រីក្នុងតំបន់ បានបញ្ជាក់ថា ការបាញ់ប្រហារខាងលើ គឺជាចេតនា ហើយមកទល់ពេលនេះ មិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយ។ ចំណែកសាលា ឯកជន Duncan នៅក្នុងតំបន់នោះ ក៏ត្រូវបានបិទទ្វារជាបណ្តោះអាសន្ន។
តាមច្បាប់ថ្មី ដែលមានប្រសិទ្ធភាព នៅក្នុងរដ្ឋអូក្លាហ៊ូម៉ា កាលពីដើមខែវិច្ឆិកានេះ គឺពលរដ្ឋ មានអាយុចាប់ពី២១ឆ្នាំឡើងទៅ ទើបមានសិទ្ធិកាន់កំាភ្លើង ដោយមិនចាំបាច់មានលិខិតអនុញ្ញាតឡើយ។
កន្លងមកនៅទីក្រុង Fresno ក្នុងរដ្ឋកាលីហ្វ័រញ៉ា អាមេរិក ក៏មានការបាញ់ប្រហារកើតឡើង ទៅលើហ្វូងមនុស្សកំពុងតែទស្សនាការប្រកួតបាល់ទាត់ បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និង៦នាក់រងរបួស។
កាលពីចុងសប្តាហ៍កន្លងមក នៅទីក្រុង Paradise Hill នៅក្នុងរដ្ឋកាលីហ្វ័រញ៉ានោះដែរ ក៏មានការបាញ់ប្រហារ សម្លាប់មនុស្ស៥នាក់ នៅក្នុងមួយគ្រួសារ និងម្នាក់រងរបួស។
ការបាញ់ប្រហារ ជាបន្តបន្ទាប់នៅអាមេរិក គឺជាសញ្ញាប្រកាសអាសន្នថ្មីមួយ ខណៈ ច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើង នៅជាប់គាំងដដែល ។ ពលរដ្ឋអាមេរិក បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីអំពើហិង្សាកើនឡើង ពាក់ព័ន្ធនឹងកាំភ្លើងដោយមិនទាន់មានវិធានការ ទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព៕