ភ្នំពេញ ៖ រូបថតមួយសន្លឹកនេះវាគ្រប់គ្រាន់ណាស់ទៅហើយ ដែលបញ្ជាក់រាប់រយអត្ថន័យនូវទឹកចិត្តប្រពន្ធមានស្វាមីភក្តិចំពោះប្តី បើទោះបីដឹងថាប្តីជាប់គុកដោយសារគ្រឿងញៀនក៏ដោយក៏សុខចិត្តននះននៀលពកូនតូចយកបាយឲ្យប្តីហូបខណៈកំពុងពពោះជាង១ខែទៅហើយនោះ ។
ឪពុកបានយកដៃទាំងពីរលូកតាមចន្លោះបង្អួចដែកគុកដែលសមត្ថកិច្ចផ្សារខ្វាត់ខ្វែងស៊កក្បាលចេញមិនរួចដើម្បីលើកកូនតូចដ៏ទ្រលុកទ្រលលន់ពីដៃប្រពន្ធមកថើបទាំងលំបាក។ រីឯការថើបកូនដោយក្តីរំជួលចិត្តនោះ ប្រសិនបើកូនតូចមិនហុចថ្ពាល់តាមចន្លោះចម្រឹងដែកឲ្យឪពុកយកច្រមុះថើបផ្តិតយកក្លិនថ្ពាល់កូននោះទេ គឺពិតជាថើបមិនបានឡើយ ។ ជាមួយការហុចកញ្ចប់បាយមានសាច់ជ្រូកចៀនមួយកញ្ចប់និងដបទឹកសុទ្ធ២ដបជូនប្តី ស្រ្តីជាប្រពន្ធបានសម្រក់ទឹកភ្នែកហូរជោកថ្ពាល់ពោរពេញដោយមនោសញ្ចេតនាក្តុកក្តួលអួលដើមកនិយាយមិនចេញ ព្រោះតែយល់ថា នេះជាកំហុសប្តី ដែលមិនស្តាប់ប្រពន្ធ យកគ្រឿងញៀនដឹកមុខជាងប្រពន្ធ ។ ជាមួយនឹងវិប្បដិសារីអស់មួយជីវិតនោះ បុរសជាប្តីបានត្រឹមយកដៃអង្អែលក្បាលប្រពន្ធក្នុងទឹកមុខស្រងូតស្រងាត់ហើយបានសារភាពថា បងខុសហើយអូន ! សូមអូនមើលកូនច្បង និងកូនក្នុងផ្ទៃផង បើមានវាសនា ពេលបងចេញពីគុកវិញបងមើលថែកូន និងធ្វើជាឪពុកល្អរបស់គេ ។
ពេលឃើញទិដ្ឋភាពបែបនេះទើបដឹងថា នេះហើយជីវិត ក្នុងនាមជាប្តីជាឪពុកនឹងជាមេគ្រួសារដែលមានទំនួលខុសត្រូវខ្ពស់គួរតែបំពេញកាតព្វកិច្ចល្អៗសម្រាប់ប្រពន្ធកូន តែបុរសនេះគ្រឿងញៀនជាធំបានបំផ្លាញសុភមង្គលគ្រួសារ និងសង្គមទៅវិញ ។ នេះហើយអបាយមុខគ្រឿងញៀន សេពគ្រឿងញៀនបំផ្លាញអនាគតខ្លួនឯង បំផ្លាញសុភមង្គលគ្រួសារ និងសង្គម ។
នេះជារឿងពិតមួយក្នុងសង្គមខ្មែរដែលអ្នកនិយមលេងហ្វេសប៊ុកម្នាក់ថតរូបបានយកមកបង្ហោះ ដោយសរសេរថា ឃើញចឹងSad បាត់, ជួយShareផង ទឹកចិត្តប្រពន្ធ! ទោះប្តីជាប់គុកក៏នៅយកបាយមកអោយ ហើយតស៊ូចិញ្ចឹមកូនតូចនឹងពពោះ១ខែជាងទៀត! តើជាកំហុសអ្នកណា? ទឹកភ្នែកឪពុកស្រក់ដោយមិនដឹងខ្លួនខណៈប្រពន្ធបីកូនដ៏តូចទៅមើលប្តីត្រូវជាប់ក្នុងគុកហើយថែមទាំងមានផ្ទៃពោះ១ខែជាងក្នុងពោះទៀត។ ប្តីជាប់គុកដោយសារគ្រឿងញៀន នេះហើយជីវិតជាគ្រួសារ ក្នុងនាមជាប្តីជាឪពុកនឹងជាមេគ្រួសារមានទំនួលខុសត្រូវខ្ពស់ណាស់ គ្រឿងញៀនវាបំផ្លាញអនាគតអ្នកនឹងគ្រួសារអ្នក និងសង្គម។ ដូច្នេះយុវជនដែលជាទំពាំងស្នងឫស្សីទាំងឡាយត្រូវតែគិតនិងពិចារណាឲ្យមែនទែន ៕ ប្រាថ្នា