ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំធ្វើឲ្យពលរដ្ឋ​ប៉ាឡេស្ទីនកាន់តែខឹងខ្លាំងឡើងក្រោយទទួលស្គាល់លំនៅឋាន​អ៊ីស្រាអែលនៅវេសបែងស្របច្បាប់

ចែករំលែក៖

តាំងពីលោកត្រាំឡើងកាន់តំណែងប្រធានាធិបតីអាមេរិក​មក ទឹកដីអ៊ីស្រាអែលបានរីកធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ កន្លងមក លោកត្រាំទទួលស្គាល់តំបន់ចេរ៉ូសាឡឹម ថាជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយ​ប្តូរស្ថានទូតអាមេរិកទៅកាន់ទីនោះទៀត ។ ក្រៅពីនេះ ក៏បានទទួលស្គាល់តំបន់ ហ្គោលឡែន​ ក៏ដូចជាតំបន់ជួរភ្នំហ្សកដង់ ជាទឹកដីរបស់អ៊ីស្រាអែល។ 

នៅពេលនេះ លោកត្រាំបានទទួលស្គាល់ លំនៅឋានខុសច្បាប់របស់អ៊ីស្រាអែល នៅតំបន់វែសបែង ថាជារឿងស្រាប់ច្បាប់ទៅទៀត។ សកម្មភាពនោះផ្ទុយ កាលពីរដ្ឋបាល​អាមេរិក​ដឹកនាំដោយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានចាត់ទុកថា លំនៅឋាន​របស់អ៊ីស្រាអែលរាប់ពាន់ខ្នង​នៅតំបន់​ជ្រោយ វេសបែង នោះជារឿង​ល្មើសច្បាប់អន្តរជាតិ ។ ប៉ុន្តែ​មកដល់រដ្ឋបាល​អាមេរិក​ដឹកនាំ​​ដោយលោកដូណាល់ ត្រាំវិញ ចាត់ទុកលំនៅឋាន​អ៊ីស្រាអែល​ទាំងនោះ ជារឿងត្រឹមត្រូវតាមច្បាប់ទៅវិញ ។

សារព័ត៌មាន​ sputnik កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានផ្សាយថា រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក លោក ម៉ាយ ប៉ុមផេវ (Mike Pompeo) កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ​ប្រកាសថា ទីក្រុងវ៉ាស៊ីនតោន​លែង​ចាត់ទុក​ជារឿងល្មើស​ច្បាប់អន្តរជាតិអ្វីទៀត​ហើយ​លំនៅឋានរបស់អ៊ីស្រាអែល​នៅតំបន់វេសបែង​ (West Bank)នោះ ។

លោក ប៉ុមផេវ បានថ្លែងថា សហរដ្ឋអាមេរិក​នឹងបដិសេធនូវគំនិតយោបល់​ទាំងឡាយពីមុនៗ​របស់ខ្លួន ស្តីអំពីស្ថានភាព​​លំនៅឋាន​នៅតំបន់​ វេសបែង និង ចេរ៉ូសាឡឹមភាគខាងកើត​(East Jerusalem) ។

គួរជម្រាបជូនថា លំនៅឋាន​របស់អ៊ីស្រាអែល​ប្រហែលជាង ៦០០ ០០០ ខ្នង​បានសង់​នៅ​ក្នុងទឹកដី​​ វេសបែង ហើយនិងចេរ៉ូសាឡឹមខាងកើត ដែលអ៊ីស្រាអែលបានដណ្តើម​កាន់កាប់​ពី​ហ្ស៊កដានី (Jordan)​​ក្នុងឆ្នាំ១៩៦៧ ក្នុងអ្វីដែល​គេហៅថា បន្ទាប់ពីសង្គ្រាម​រយៈពេល​៦ថ្ងៃ​នៅទីនោះ ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ តំបន់ជ្រោយវេសបែងនោះ ក៏មានលំនៅឋាន​របស់ប្រជាជនប៉ាឡេស្ទីនអារ៉ាប់ ប្រហែល​២,៧លាននាក់ ព្រមមួយអន្លើ​ប្រហែល ៣២៧ ០០០ នាក់ទៀត​កំពុងរស់នៅ​ក្នុងទឹកដី ចេរ៉ូសាឡឹម​ខាងកើត ៕ 


ចែករំលែក៖