កាលពីថ្ងៃទី១៨ ខែវិច្ឆិកា អារ៉ាប៊ីសាអូឌីតបានប្រកាសថា ក្រុមឧទ្ទាមហ៊ូធី ដែលគាំទ្រ ដោយប្រទេសអ៊ីរ៉ង់ បានស្ទាក់ចាប់នាវាខួងប្រេងរបស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងសមុទ្រក្រហម។ លោកវរសេនីយ៍ឯក Turki Al Malki អ្នកនាំពាក្យសម្ពន្ធមិត្តអារ៉ាប់ បានថ្លែងប្រាប់ទីភ្នាក់ការសារព័ត៌មានគ្រប់គ្រងដោយរដ្ឋអារ៉ាប៊ីសាអូឌីត (SPA) ថា ក្រុមឧទ្ទាមហ៊ូធី បានរឹបអូសនាវាខួងប្រេងរបស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងសមុទ្រក្រហម ។
ការរឹបអូសនាវាខាងលើនេះ គឺជាគំរាមកំហែងដល់ផ្លូវនាវាចរណ៍ដឹកទំនិញ នៅក្នុងតំបន់ Bab Al Mandeb ដែលជាច្រកដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនប្រេង ចេញពីតំបន់ឈូងសមុទ្រ ឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប និង ការដឹកទំនិញចេញពីទ្វីបអាស៊ី។ នាវា Rabigh-3 កំពុងតែនាវាចរ នៅភាគខាងត្បូងសមុទ្រក្រហម ជាកន្លែងដែលត្រូវក្រុមឧទ្ទាមហ៊ូធីស្ទាក់វាយប្រហារ និងជាគោលដៅប្លន់ប្រដាក់បអាវុធ ដោយក្រុមភេរវករ។
លោកវរសេនីយ៍ Al Malki បានបញ្ជាក់ថា សកម្មភាពស្ទាក់ចាប់នាវាខួងប្រេងរបស់កូរ៉េខាងត្បូងនេះ គឺជាសកម្មភាពភេរវកម្ម។ ករណីនេះបង្ហាញឲ្យឃើញពីការគំរាមកំហែង និងបង្កឲ្យគ្រោះថ្នាក់យ៉ាងពិតប្រាកដពីក្រុមឧទ្ទាម និងពួកភេរវករ។
នៅក្នុងជំនួបជាមួយនឹងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសយេមែន លោក Mohammed Al Hadrami រដ្ឋមន្រ្ដីការបរទេសយេមែន បានថ្កោលទោសយ៉ាងខ្លាំងដល់ការចាប់នាវារបស់កូរ៉េខាងត្បូង។ ជាមួយគ្នានេះដែរ លោកបានអំពាវនាឲ្យក្រុមឧទ្ទាមដោះលែងនាវានោះជាបន្ទាន់។
កន្លងមក ក្រុមឧទ្ទាមហ៊ូធី (Houthis) បានដាក់គោលដៅវាយប្រហារទៅលើនាវាដឹកប្រេង និងនាវាយោធាជាច្រើន ដែលជាកម្មសិទ្ធិរបស់អារ៉ាប៊ីសាអូឌីត និង បច្ចាមិត្ររបស់ខ្លួន នៅក្នុងសង្គ្រាម រវាងប្រទេសយេម៉ែន ចាប់តាំងពីឆ្នាំ២០១៥មក។
ដោយឡែក ក្រុមឧទ្ទាមហ៊ូធី បានថ្លែងថា ពួកគេបានចាប់នាវាចំនួន៣គ្រឿង ដោយរួមទាំងនាវារបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានចូលមកក្នុងដែនទឹករបស់ប្រទេសយេមែន។ រីឯការចាប់នាវាទាំងនោះ គឺស្ថិតនៅចម្ងាយប្រហែល៥គីឡូម៉ែត្រ ពីកោះ Ugban នៃប្រទេសយេមែន។
ក្រុមឧទ្ទាម បានបន្ដថា ឆ្មាំសមុទ្ររបស់ក្រុមហ៊ូធី បានបង្ខំឲ្យនាវាទាំងនោះ ចូលទៅកាន់កំពង់ផែ Salif ស្ថិតក្នុង Hodeidah ប្រទេសយេមែន ស្ថិតក្នុងតំបន់សមុទ្រក្រហម៕