ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ បន្ទាប់ពីអញ្ជើញបើក “កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី ២” នៅវិមានសន្តិភាពរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារបន្តជាមួយនឹង ឯកឧត្តម រ៉េនុល អ៊ុលឡោច (Raynold B.Oilouch) អនុប្រធានាធិបតី និង ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រទេសប៉ាឡាវ។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអរគុណចំពោះ ឯកឧត្តម Raynold B.Oilouch ដែលបានអញ្ជើញចូលរួមនៅក្នុង កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី ២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងថ្ងៃនេះ។ សម្ដេចតេជោ បានចាត់ទុកថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រទេសទាំងពីរ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ហើយសង្ឃឹមថាប្រទេសយើងទាំងពីរមានទំនាក់ទំនងដ៏ល្អចាប់ពីថ្ងៃនេះតទៅ។
ឯកឧត្តមអនុប្រធានាធិបតី នៃប្រទេសប៉ាឡាវ លោក Raynold B.Oilouch បានសម្ដែងនូវសេចក្តីរីករាយយ៉ាងខ្លាំងដែលបានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចតេជោ ជាពិសេសដែលបាន ចូលរួមនៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នាថ្ងៃនេះ។ ឯកឧត្តមបានមានប្រសាសន៍ថាតាមរយៈការចូលរួមរបស់ឯកឧត្តមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកថ្ងៃនេះ នឹងបើកឱកាសឲ្យប្រទេសយើងទាំងពីរចាប់ផ្ដើមមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទៅលើវិស័យផ្សេងៗជាច្រើនដែលអាចធ្វើទៅបាននៅពេលខាងមុខ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាវនេះគឺជាឱកាសដ៏ល្អដែលប្រទេសយើងទាំងពីរអាចចាប់ផ្ដើមមានទំនាក់ទំនងល្អជាមួយគ្នា ដូចជាកិច្ចសហប្រតិបត្តិការដែលអាចធ្វើអោយស្របទៅនឹងអ្វីដែលប្រទេសទាំងពីរមាន។ សម្ដេចតេជោក៏បានផ្ដួចផ្ដើមនូវគំនិតថាប្រទេសយើងទាំងពីរគួរតែមានការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាមួយស្ដីអំពីការពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីចាប់ផ្ដើមឲ្យក្រសួងការបរទេសទាំងពីរពិភាក្សាគ្នារកវិធីណា ដែលអាចសហប្រតិបត្តិការគ្នាបាន ដូចជាការចុះអនុស្សារណៈនៃលើកលែងទិដ្ឋាការ និងលិខិតឆ្លងដែន ហើយបន្ទាប់មកយើងអាចចុះហត្ថលេខាលើវិស័យពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរផងដែរ។
នៅក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើសួរសុខទុក្ខទុកជូនចំពោះឯកឧត្តមប្រធានាធិបតីនៃប្រទេសប៉ាឡាវ ហើយ សម្តេចតេជោ ក៏អញ្ជើញឯកឧត្តមប្រធានាធិបតី និងលោកជំទាវមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានៅថ្ងៃណាមួយដែលអាចធ្វើទៅបាននាពេលខាងមុខនេះ។
ឯកឧត្តម Raynold B.Oilouch អនុប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ ហើយគាត់សន្យាថានឹងរង់ចាំនូវការពិភាក្សាគ្នារវាងក្រសួងការបរទេសនៃប្រទេសយើងទាំងពីរ ហើយឯកឧត្តមបានមានប្រសាសន៍ថា យើងក៏អាចសហប្រតិបត្តិការគ្នាបានក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម គ្រឿងញៀន ហើយក្រៅពីនោះយើងក៏អាចពង្រឹងទំនាក់ទំនងលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស រួមទាំងការចែករំលែកបទពិសោធន៏ឲ្យគ្នាទៅវិញទៅមកទៀតផង។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដែរថា កម្ពុជាក៏អាចមានផលិតផលខ្លះដើម្បីធ្វើការនាំចេញទៅប្រទេសប៉ាឡាវផងដែរ ពីព្រោះប៉ាឡាវ ក៏ជាទីផ្សារមួយដ៏ល្អសម្រាប់ទំនិញកម្ពុជា។
ក្នុងឱកាសនោះជួបពិភាក្សាការងារកាលពីព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរាបពីបំណងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាឡាវនៅពេលខាងមុខផងដែរ ដើម្បីចាប់ផ្ដើមជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរអោយមានសកម្មភាពរស់រវើកឡើង ។ ជាមួយគ្នានោះ ឯកឧត្តមអនុប្រធានាធិបតីប៉ាឡាវ ក៏បានជំរាបជូនសម្ដេចតេជោផងដែរ អំពីកិច្ចប្រជុំកំពូលមួយចំនួន ដែលប្រទេសប៉ាឡាវ នឹងរៀបចំធ្វើដូចជា កិច្ចប្រជុំស្ដីអំពីមហាសាគរ ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយនៅ គឺនៅខែសីហា ឆ្នាំ២០២០ ខាងមុខ និងកិច្ចប្រជុំកំពូលនៃស្ត្រីទី១តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនឹងប្រព្រឹត្តទៅនៅដើមខែធ្នូ ២០១៩ ខាងមុខនេះ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម Raynold B.Oilouch បានគោរពអញ្ជើញ សម្តេចតេជោអញ្ជើញចូលរួមផងដែរ។ ជាការឆ្លើយតបសម្ដេចបានមានប្រសាសន៍ថា បើសិនជា សម្តេច មិនរវល់ទេនោះ គឺសម្តេចនឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនោះមិនខានឡើយ ៕