ខេត្តមណ្ឌលគិរី ៖ ម៉ូតូបំពាក់ស៊ីម៉ាំងលាន់ឮខ្លាំងៗ ដែលបង្កការប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងធ្ងន់ធ្ងរ ជាពិសេសតំបន់មានសាលារៀន និងមន្ទីរពេទ្យត្រូវបានកម្លាំងនគរបាលក្រុងសែនមនោរម្យបញ្ចេញវិធានការក្តៅ និងបង្ក្រាបហើយ ។
លោក កាន់ ពេញ អធិការនគរបាលក្រុងសែននោរម្យបានឲ្យដឹងថា ដោយមានបទបញ្ជាពីលោកស្នងការខេត្ត កម្លាំងរបស់លោកបានចាប់ឃាត់ម៉ូតូដែលមានបំពាក់ប្រភេទស៊ីម៉ាំងឮខ្លាំង បញ្ជូនទៅអធិការដ្ឋានដើម្បីអប់រំណែនាំម្ចាស់ពីការប៉ះពាល់នានា ដោយបញ្ជាឲ្យយកស៊ីម៉ាំងដើមមកបំពាក់វិញ ។
លោកអធិការបន្តថា នៅថ្ងៃទី១២ ខែវិច្ឆិកា អំឡុងថ្ងៃបុណ្យអុំទូក កម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានឃាត់ម៉ូតូដាក់ស៊ីមាំងបំពងសំលេង ០៣គ្រឿង ១.ម៉ូតូខាងលើម៉ាក Honda CB400 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HE-2023 ។ អ្នកបើកបរម៉ូតូឈ្មោះ ជុំ ស៊ីចន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិដូនពុក ឃុំស្រែចា ស្រុកស្នូល ខេត្តក្រចេះ ។
២.ម៉ូតូខាងលើម៉ាក Honda MSX ពណ៌ខ្មៅក្រហម បិទស្គត់ស ពាក់ស្លាកលេខ មណ្ឌលគិរី 1A-3685 ។ អ្នកបើកបរម៉ូតូឈ្មោះ ធី រក្សា ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅផ្ទះជួល ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
៣.ម៉ូតូខាងលើម៉ាក YAMAHA M SLAZ ពណ៌ខៀវ បិទស្គត់ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DM-0112 ។ អ្នកបើកបរម៉ូតូឈ្មោះ ចក់ សុផៃ ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវ រស់នៅភូមិក្រាំងល័ក្ខ ឃុំស្រែចា ស្រុកស្នូល ខេត្តក្រចេះ ។
ម៉ូតូទាំង៣គ្រឿងខាងលើ សមត្ថកិច្ចបានយករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ចំណែកអ្នកបើករបរបានអនុញ្ញាតឲ្យវិលត្រលប់ទៅផ្ទះវិញ ។
លោក ឡោ សុខា ស្នងការខេត្តមណ្ឌលគិរីបានបញ្ជាក់ថា កម្លាំងរបស់លោក និងបន្តចាត់វិធានការលើអ្នកជិះម៉ូតូស៊ីម៉ាំងឮខ្លាំងៗនេះជារៀងរាល់ថ្ងៃ ព្រោះវាបានបង្កការរំខានជាខ្លាំងដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ខណៈក្រុមនេះចូលចិត្តជិះជាក្រុមៗប្រដេញគ្នាបង្កើតទៅជាសំឡេងកងរំពងតែម្តង ។
លោកស្នងការក៏បានផ្តាំផ្ញើរដល់អាណាព្យាបាលត្រូវចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីទប់ស្កាត់កូនៗរបស់គាត់ដែលមានម៉ូតូជិះល្អស្អាតហើយ យកទៅកែច្នៃបំពាក់ស៊ីម៉ាំងខុសបច្ចេកទេស បើនៅពេលសមត្ថកិច្ចចាប់ឃាត់បាន និងរក្សាម៉ូតូទុករយៈពេលបីខែ និងធ្វើកិច្ចសន្យាផងដែរ៕ ជីវ័ន្ត