ភ្នំពេញ៖ នៅថ្ងៃទី២០ វិច្ឆិកា ដដែលនេះ បន្ទាប់ពីបានទទួលជួបជាមួយប្រធានសភាប្រទេសបង់ក្លាដែសរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Syed Yusurf Raza Gilani អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន។
ក្នុងជំនួបកាលពីព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់ ឯកឧត្តម Syed Yusurf Raza Gilani ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក លើកទី ២ នៅភ្នំពេញកាលពីម្សិលមិញនេះ។
ឯកឧត្តមអតីតនាយករដ្ឋមន្ត្រី បានអរគុណសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានអនុញាតិឱ្យឯកឧត្តម និង គណៈប្រតិភូ ចូលជួបសម្ដែងការគួសម ព្រមទាំងបានអញ្ជើញ ឯកឧត្តម និងគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំកំពុលអាស៊ី-ប៉ាស៊ីហ្វិក លើកទី២នេះ។ វត្តមានរបស់ឯកឧត្តម បានចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសប៉ាគីស្ថាន និងកម្ពុជា ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ភាពជោគជ័យនៃកិច្ចប្រជុំនេះ គឺជាជោគជ័យរួមរបស់យើងទាំងអស់គ្នា ហើយអ្វីដែលសំខាន់នេះ គឺយើងនឹងប្រែក្លាយវេទិកានេះ ឲ្យទៅជាវេទិកានៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសដែលចូលរួម។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក លើកទី១ នៅប្រទេសនេប៉ាល់ កាលពីឆ្នាំ២០១៨ កន្លងទៅនេះ ហើយកិច្ចប្រជុំនៅប្រទេសកម្ពុជា ជាលើកទី២ និងកិច្ចប្រជុំកំពូលលើកទី ៣ នៅឆ្នាំក្រោយ គឺគ្រោងធ្វើនៅប្រទេសមីយ៉ាន់ម៉ា នៅឆ្នាំ២០២០។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា នៅឆ្នាំនេះ កិច្ចប្រជុំកំពូលនៅប្រទេសកម្ពុជា គឺមានអ្នកចូលរួមយ៉ាងច្រើនពីបណ្ដាប្រទេសជាច្រើន ហើយកម្រិតដែលអ្នកចូលរួម គឺកម្រិតថ្នាក់ខ្ពស់ទៀត ដែលធ្វើឲ្យកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក លើកនេះ ទទួលបានជោគជ័យ ហើយប្រែក្លាយយន្តការនេះកាន់តែមានសារៈសំខាន់ថែមទៀត ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍គូសបញ្ជាក់ផងដែរអំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងប៉ាគីស្ថាន ដែលយើងបានធ្វើការជាមួយគ្នាជាច្រើនឆ្នាំមកហើយ ហើយ សម្ដេចតេជោ ក៏ធ្លាប់ជួប ឯកឧត្តមអតីតនាយករដ្ឋមន្ត្រី នៅពេលឯកឧត្តម នៅធ្វើជានាយករដ្ឋមន្ត្រី នៃប្រទេសប៉ាគីស្ថាននេះ ដែលបានជួយពង្រឹងនូវកិច្ចសហប្រតិបត្តិការរួមរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំនិងរីកចម្រើនថែមទៀត ។
ឯកឧត្តម Syed Yusurf Raza Gilani ក៏បានថ្លែងអំណរគុណដល់ សម្ដេចតេជោនាយករដ្ឋមន្ត្រីចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ហើយឯកឧត្តម ពិតជារីករាយយ៉ាងខ្លាំងចំពោះការរីកចម្រើនទំនាក់ទំនងទ្វេភាគីនៃប្រទេសយើងទាំងពីរ ។ ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តម Syed Yusurf Raza Gilani បានអញ្ជើញ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅទស្សនកិច្ចផ្លូវការនៅប្រទេសប៉ាគីស្ថាន ក្នុងពេលវេលាសមស្របណាមួយនៅពេលខាងមុខនេះ ហើយជាពិសេសទៀតនោះ ឯកឧត្តម បានបញ្ជាក់ផងដែរថា ប៉ាគីស្ថាន មានទីក្រុងមួយឈ្មោះ ទីក្រុងម៉ុលតា ដែលមានប្រវត្តិជាង ៥០០ឆ្នាំហើយ ដែលជាកន្លែងមួយដែលសង្ឃឹមថា ពេលសម្ដេចទៅទស្សនកិច្ច អាចអញ្ជើញទៅទស្សនកិច្ចនៅកន្លែងនេះផងដែរ ។
លើសពីនេះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្លាស់ប្ដូរមតិជាមួយ ឯកឧត្តម Syed Yusurf Raza Gilani អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេស ធ្វើយ៉ាងណាឲ្យប្រទេសយើងទាំងពីរ អាចសហការគ្នាបានទៅលើយន្តការផ្សេងៗជាច្រើនទៀត ហើយឯកឧត្តម អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ក៏បានបញ្ជាក់ថា ឯកឧត្តមចាត់ទុក សម្តេចតេជោនាយករដ្ឋមន្ត្រី ជាមេដឹកនាំដ៏អស្ចារ្យ ដែលបានធ្វើឱ្យប្រទេសមួយនេះ មានការរីកចម្រើនជឿនលឿនទៅមុខយ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លីនេះ ៕