ប៉ោយប៉ែត៖ កម្លាំងនគរបាលរបស់ ក្រសួងមហាផ្ទៃ នៃអគ្គនាយកដ្ឋាន ប្រឆាំងបទល្មើសល្បែងបច្ចេកវិទ្យា សហការជាមួយកម្លាំង នគរបាលស្នងការខេត្តបន្ទាយមានជ័យចុះបង្ក្រាបល្បែងអនឡាញ អត់ច្បាប់នៅកាស៊ីណូចំនួន២ គឺកាស៊ីណូនាគទិព្ធ១ និងកាស៊ីណូ PARAMAX កាលពីរសៀលម៉ោង១២ និង១០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ក្នុងប្រតិបត្តការពិនិត្យកន្លែងល្បែងស៊ីសង ស៊ីណូអនឡាញធំៗចំនួនពីរកន្លែង បើកអាជីវកម្មដែលស្ថិតក្នុងភូមិក្បាលស្ពាន១ និងក្បាលស្ពាន ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងកិច្ចប្រតិបត្តិការ ត្រួតពិនិត្យនោះ ដឹកនាំដោយនាយឧត្តមសេនីយ៍ឯក កែវ វ៉ាន់ថន អគ្គនាយកដ្ឋានប្រឆាំង បទល្មើសល្បែងបច្ចេកវិទ្យា នាយរងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការសម្រប សម្រួលព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។
ក្នុងប្រតិបត្តការនោះ បានធ្វើឡើងពីរសៀលថ្ងៃទី១៩
ខែវិច្ឆិកា រហូតដល់ម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០១៩ ទើបចប់ និងឃាត់ខ្លួនជនជាតិ,ថៃ និងឥណ្ដូនេស៊ី ប្រុស ស្រីជាង២០០នាក់ ឆ្លងដែនមកស្នាក់នៅ បំរើការងារគ្មានបណ្ណ័ការងារ លិខិតឆ្លងដែន ប៉ុន្តែក្នុងការបង្ក្រាបនោះ ធ្វើឲ្យជនជាតិចិនប្រុស ស្រីរងរបួសផងដែរ ដោយសារតែមានការភ័យរត់ផ្លោះរបង ។
ប្រភពបញ្ជាក់ថា ជនជាតិថៃ និងឥណ្ដូនេស៊ីប្រុស ស្រីជាង២០០នាក់នោះត្រូវកម្លាំងសមត្ថកិច្ច ដឹកជញ្ជូនតាមរថយន្តក្រុងចំនួន៤ទៅខេត្តសៀមរាប ដើម្បីកសាងនីតិវិធីតាមផ្លូងច្បាប់ ។
ចំណែកទីតាំង និងសម្ភារបម្រើឲ្យសេវាល្បែងអនឡាញខាងលើមិនទាន់ច្បាស់ការណ៍ថានឹងត្រូវដកហូត ឬបិទទីតាំងយ៉ាងណានោះទេ ព្រោះក្នុងប្រតិបត្តិការនោះ មិនអាចសុំការបំភ្លីពីសមត្ថកិច្ចណាមួយឡើយ ។
ជុំវិញករណីខាងលើនេះដែរ លោកស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍ អេង លីហ៊ួ មានប្រសាសន៍តាមទូរសព្ទថា លោកកំពុងជាប់រវល់នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
ចំណែកលោកស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍ នូ ជីវន្ត័ ប្រាប់ថា លោកធ្វើការងារខាងលើនេះ មិនទាន់ចប់ឡើយ ហើយថា លោកកំពុងជាប់រវល់ប្រជុំនៅសាលាក្រុងផងដែរក៏បិទទូរសព្ទ័តែម្ដង ។
បញ្ហាចុះប្រតិបត្តិការខាងលើ មជ្ឈដ្ឋានបាននិយាយថាៈ ហាក់បីដូចជាមានការលាក់បាំងខាងផ្នែកព័ត៌មាន ដោយមិនបានបើក ឲ្យទូលាយចំពោះព័ត៌មានដែលចុះបង្ក្រាប សូម្បីតែកម្លាំងការពារព្រំដែនឈរជើងនៅទីនោះ ក៏មិនទទួលព័ត៌មានច្បាស់ថា ការចុះមកបង្ក្តាបនោះមិនដឹងបង្ក្រាបអ្វី ពិតប្រាកដឡើយ ៕ វណ្ណា