ភ្នំពេញ៖ រោងចក្រចំនួន២ ដែលផលិតកាបូប កាតាប និង អាវពោងសុវត្ថិភាព ស្ថិតនៅភូមិអន្លងគងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ត្រូវបានអគ្គិភ័យឆាបឆេះកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ឥឡូវនៅវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានអគ្គិភ័យឆាបឆេះឡើងវិញ និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ផងដែរ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានចំនួន០២ /ទី១ ៖ មានឈ្មោះ អេស ឃ្វេ ភើហ្វមែនស៍ រោងចក្រ ផលិតកាបូប កាតាប អាវពោងសុវត្ថិភាព និង រោងចក្រ ផលិត ទ្រនាប់ សម្លៀក បំពាក់ បាធាយ(ខេមបូឌា )អ៉ិនដាស ស្រ្ទី អេនគ្រេជ មានទីតាំងស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ ព្រៃស ខណ្ឌដង្កោ ។ ទី២ ម្ចាស់ទីតាំងមានឈ្មោះ WU MEI ភេទស្រី អាយុ ៣៤ឆ្នាំ (ជនជាតិចិនដីគោក) មុខរបរ អ្នកគ្រប់គ្រង រោងចក្រ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។
ក្នុងហេតុការណ៍អគ្គិភ័យដែលឆាបឆេះរោងចក្រខាងលើជាលើកទី២នេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ហើយសមត្ថកិច្ចនៅតែព្យាយាមបន្តប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ជាបន្តបន្ទាប់ រហូតដល់ម៉ោង៦ព្រឹកថ្ងៃដដែលតែមិនរលត់ ដោយសាររោងចក្រខាងលើនេះផ្តុកសុទ្ធតែជ័រ និងសារធាតុដែលងាយនិងឆេះ ព្រមទាំងគ្របដណ្ដប់ដោយសង័្កសីផងដែរ ។
គួរបញ្ចាក់ថា កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ រោងចក្រខាងលើត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន៤៤គ្រឿង និងមានមនុស្សម្នាក់ដែលជាកម្មកររោងចក្រ រងរបួសធ្ងន់ ៕ ភារ៉ា ដង្កោ