ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រាជិះម៉ូតូជ្រុលបុកឃឿនផ្លូវខ្ទាតម៉ូតូចូលរថយន្តកិនជាប់

ចែករំលែក៖

ភ្នំពេញ​៖ ​បុរសម្នាក់សង្ស័យស្រវឹងជិះម៉ូតូលឿនជ្រុលបុក ឃឿនផ្លូវដួលរងរបួសបែកមុខចំណែកម៉ូតូខ្ទាត ទៅចូលក្រោមរថយន្តកិនរងការខូចខាត ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ​ឆ្នាំ២០១៩​ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងកើត​ តាមបណ្តោយផ្លូវមុនីរ៉េត​ ស្ថិតក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក FUSO ប្រភេទ រថយន្តស្ទូច​ ពណ៌ខៀវ​ ពាក់ស្លាកលេខ ភ្នំពេញ 3D 1413 ធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត​ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងជិះម៉ូតូម៉ាកPSX ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1FX 2577 ធ្វើដំណើរស្របជាមួយរថយន្តមកពីក្រោយ ហើយព្យាយាមជែង ខាងឆ្វេង ភ្លាមនោះក៏ជ្រុលបុកឃឿនផ្លូវបណ្តាលឲ្យដួល​រងរបួសបែកមុខចំណែកម៉ូតូខ្ទាតចូលក្រោមរថយន្តកិនអូសប្រហែល៥ម៉ែត្ររងការខូចខាត ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចវាស់វែងយកទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖