ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកប្រើប្រាស់គ្រឿងញៀននៅមណ្ឌលកែប្រែ១១៩ វាយបំបែក​ទ្វារ រត់ចេញ

ចែករំលែក៖

ក្រុមអ្នកប្រើប្រាស់គ្រឿងញៀននៅមណ្ឌលកែប្រែ១១៩ វាយបំបែក​ទ្វារ រត់ចេញ

កម្លាំងសន្តិសុខវៀតណាមបាន ស្វែងរកតាមចាប់ខ្លួនអ្នកទោសដែលបានហែកគុករត់ចេញ​ ដោយសុវត្ថិភាព​​១១៩នាក់ ពេលថ្មីៗនេះ។​ សារព័ត៌មានវៀតណាម (vnexpress) នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩​ បានផ្សាយថា អ្នកទោស​១១៩នាក់ ​បានហែកគុករត់​ពីពន្ធនាគារ​មួយ​កន្លែង ស្ថិតនៅក្នុងខេត្ត​ តៀន​យ៉ាង ភាគខាងត្បូង​របស់វៀតណាម ។ ប៉ុន្តែ​ក្នុងចំណោមអ្នកទោស​ទាំងនោះ​ជាងពាក់កណ្តាល​ ត្រូវប៉ូលិស​តាមចាប់បាន​ត្រឡប់មកវិញ ។

ប្រភពបញ្ជាក់ថា មណ្ឌលកែប្រែ ស្តារនីតិសម្បទា​​មួយកន្លែង​ស្ថិតនៅក្នុង​ស្រុក ចូវថាញ ដាក់​អ្នកទោស​សរុប​ ៦៥០នាក់ នៅវេលាម៉ោង​១០ព្រឹក ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកទោស​បាននាំគ្នាវាយបំបែក​ទ្វារ និងវាយ​ប្រហារ​ទៅលើឆ្មាំគុកនៅទីនោះ មុនពេលពួកគេនាំគ្នារត់គេចខ្លួន ។

អ្នកទោស​បានសម្រាតខោអាវសម្គាល់ថាអ្នកទោសនោះ​ចោលអស់ ហើយទម្លុះរបងចូល​ផ្ទះអ្នកស្រុក​ក្បែរ​នោះ​ លួច​បាន​ម៉ូតូ​២គ្រឿង ឌុបគ្នា​ជិះរត់គេចខ្លួន ។ ម៉ូតូមួយគ្រឿង​ ពួកគេជិះគ្នាប្រហែល​៤ទៅ៥នាក់ ឆ្ពោះទៅកាន់ផ្លូវហាយវ៉េ ផ្លូវជាតិលេខ ១អេ ។ ពួកអ្នកទោស​ទាំងនេះ ​​បន្តចូល​ហាងលក់ខោអាវ ហើយលួចបានអាវធំ​ជាច្រើន​ ។ អ្នកទោសខ្លះទៀត​រត់ឡើងរថយន្ត​ក្រុង ធ្វើដំណើរ​ទៅកាន់​ទីក្រុងហូជីមិញ​តែម្តង ។

ប៉ូលិសជាច្រើនរយនាក់​បានដាក់ពង្រាយ​នៅតាម​វិថីសំខាន់ៗ​ បិទចរាចរណ៍ ដើម្បីចាប់អ្នកទោស​ដែលរត់គេចខ្លួន​ទាំងនោះ ។ រហូតដល់ម៉ោង​១និង៣០នាទីរសៀល ថ្ងៃដដែល អ្នកទោស​៥៥នាក់​​ត្រូវបានចាប់ខ្លួន​ត្រឡប់មកវិញ ។ ប៉ូលិស​នៅបន្តស្វែងរកចាប់​អ្នកដែលនៅសេសសល់បន្ថែមទៀត ។

គួររំលឹកថា កាលពីខែ​សីហា ឆ្នាំ​២០១៨ អ្នកទោស​ភាគច្រើន​ជាអ្នកប្រើប្រាស់គ្រឿងញៀន​ចំនួន​២០០នាក់​បានហែកគុករត់​ខ្លួន ។ អ្នកទោស​និយាយថា ពួកគេ​រងការធ្វើទារុណកម្មធ្ងន់ធ្ងរ បង្ខំឲ្យលុតជង្គង់ច្រើនម៉ោង និងវាយដំ​នៅត្រង់ខ្នង​ពួកគេ ។

មន្ត្រី​វៀតណាម​បានបញ្ជាក់ថា នៅក្នុងប្រទេសនេះ ​មានមណ្ឌលកែប្រែ ស្តារនីតិសម្បទា ​ប្រហែល​១៣២កន្លែង ដាក់អ្នកទោស​ញៀនថ្នាំ​​ប្រហែល ២២០ ០០០​នាក់ ។

អ្នកញៀនថ្នាំ​នៅក្នុងប្រទេសនេះ ត្រូវបានគេចាត់ទុកថា ជា​«ទង្វើអាក្រក់​នៅក្នុងសង្គម» ។ ម្ល៉ោះហើយ​ អ្នកដែល​ញៀនថ្នាំ ពុំសូវត្រូវបានគេយកចិត្តទុកដាក់ អប់រំកែប្រែ​ បន្សាប​ថ្នាំវិញនោះទេ ៕


ចែករំលែក៖