ម្ចាស់ចម្ការទំពាំងបាយជូរនៅបារាំង បង្កឲ្យមានការផ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោក បានចំណាយប្រាក់ជាច្រើន ទិញយន្តហោះចម្បាំងឈប់ប្រើប្រាស់ ជាង១០០គ្រឿងគ្រាប់ជំនន់ មកដាក់តាំងនៅក្នុងចម្ការ ទំពាំងបាយជូររបស់លោក។ នេះជាកម្រងយន្តហោះចម្បាំង ឯកជនធំបំផុតលើពិភពលោក ដោយគ្មានបុគ្គលណាមួយធ្វើបានឡើយ។
ម្ចាស់កម្មសិទ្ធិចម្ការទំពាំងបាយជូនិង យន្តហោះចម្បាំង មានឈ្មោះ Michel Pont រស់នៅក្នុងតំបន់ Bergundy ។ ក្នុងចំណោមយន្តហោះចម្បាំង ដែលលោករក្សាទុក មានទាំងយន្តហោះ Meteor របស់កម្លាំងទាហានអង់គ្លេស ធ្លាប់ចូលរួមក្នុងសង្គ្រាមលោកលើកទីពីរ រហូតដល់យន្តហោះ F-16 Fighting Falcon របស់អាមេរិក។
លោកMichel Pont ធ្លាប់ជា អ្នកប្រណាំងរថយន្តអាជីព បានទិញដី១២ហិតា សម្រាប់ដាំទំពាំងបាយជូផលិត «ស្រាទំពាំងបាយជួរបារាំង»។ នៅក្នុងផ្ទៃដី១២ហិតានោះមានទាំងវិមាន បុរាណមួយសាងសង់តាំងពីឆ្នាំ១៣៤០។ លោក Michel Pont បានដាំទំពាំងបាយជួរ ៤ហិតា និង៣ហិតា ទុកសម្រាប់ដាក់តាំង យន្តហោះចម្បាំង។
លោក Michel Pont បានរក្សាទុក យន្តហោះចម្បាំង ១១០គ្រឿង ក្នុងនោះមានទាំងឧទ្ធម្ភាគចក្រផងដែរ។ យន្តហោះចម្បាំងដំបូងគេបង្អស់របស់លោកគឺប្រភេទ Gloster Meteor របស់ទាហានអង់គ្លេស ធ្លាប់ចូលរួមនៅក្នុងសង្គ្រាម លោកលើកទីពីរ។ ទីពីរគឺយន្តហោះ ចម្បាំង F-86 របស់កម្លាំងទាហានអាកាសអាល្លម៉ង់ ដែលបានដំណើរការតាំងពីឆ្នាំ១៩៥០។ ក្រៅពីនេះនៅមាន យន្តហោះជាច្រើនប្រភេទទៀតដូចជា Starfighter របស់អាមេរិក, English Electric Lightning របស់អង់គ្លេស, F-100 Super Sabre និង Mirage III ជាដើម។ ក្រៅពីនេះនៅមានយន្តហោះរុស្ស៊ី Sukhoi Su-7 “Fitter” Mikoyan Gurevich MiG-21ផងដែរ។ ការរក្សាទុកយន្តហោះចម្បាំងមានលក្ខណៈឯកជននោះ ត្រូវបានដាក់បញ្ជូនក្នុងសៀវភៅឯកទគ្គកម្មពិភពលោក។ក្រៅពីនេះលោកនៅមាន ការរក្សាទុករថយន្តបុរាណជាច្រើនប្រភេទ ម៉ូតូ កង់ជាដើម៕