ភ្នំពេញ៖ តារាសម្តែងជើងចាស់ លោក ជេត បុរី ដែលតស៊ូចិញ្ចឹមកូនស្រីទោលតែម្នាក់ឯងរហូតកូនស្រីបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិត ហើយពេលនេះកូនស្រីបណ្តូលចិត្តក៏ចូលរោងការជាមួយបុរសជាជនជាតិអាមេរិកម្នាក់ផងដែរ។
ពិធីមង្គលការរបស់កូនស្រីតារាសម្តែងរូបនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩នេះ ក្រោមវត្តមានភ្ញៀវជាង៦០០នាក់ក្នុងនោះក៏មានវត្តមានសិល្បករប្រុសស្រីជាច្រើនរូបចូលរួមផងដែរ។
លោក ជេត បុរី បញ្ជាក់ថា លោកមានកូនស្រីបង្កើតតែម្នាក់ និងមានកូនប្រុសចិញ្ចឹមម្នាក់ទៀត ហើយកូនស្រីដែលរៀបមង្គលការនៅពេលនេះគឺមានវ័យ២៦ ឆ្នាំ ដែលបានបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតកាលពីជិត២ឆ្នាំមុន ហើយនាងក៏មានការងាររួចរាល់ដែរ។ លោកថាកាន់តែសប្បាយចិត្តក្រោយពីកូនស្រីរកគូអនាគតឃើញ គឺជាបុរសសញ្ជាតិអាមេរិកដែលជាគ្រូបង្រៀននៅសាលាឯកជនមួយ។
លោកថា កាន់តែសប្បាយចិត្តព្រោះតែកូនស្រីដើរដោយគន្លងធម៌ និងរៀបមង្គលការបំពេញមុខក្រុមគ្រួសារ។ មង្គលការរបស់កូនស្រីលោករៀបចំយ៉ាងប្រណីត និងផ្ចិតផ្ចង់ ព្រោះតែលោកមានកូនស្រីតែម្នាក់ហើយក៏អញ្ជើញភ្ញៀវជាច្រើនចូលរួមដោយគ្មានចម្លោះដែរ។ លោករំពឹងថាក្រោយរៀបការ កូនស្រីប្រុស នឹងចាប់ដៃគ្នាកសាងអនាគតនិងចេះស្រលាញ់យោគយល់គ្នាជារៀងរហូត។
អ្នកសិល្បៈ និងជាអ្នកជំនួញធូរធាម្នាក់ លោក ជេត បុរី នៅតែមានចិត្តបំពេញការងារជាអ្នកសិល្បៈដដែល បើទោះបីកូនស្រីរៀបការរួច និងមានជីវភាពធូរធាជាមុនច្រើនក្តី។ លោកថាចិត្តស្រលាញ់លោកនៅតែបន្តការងារនេះដដែល ៕ វឌ្ឍនា