ខេត្តកណ្ដាល៖ បុរសម្នាក់ បន្ទាប់ពីទំនេរ បានឆ្លៀតទៅឆក់ត្រីនៅក្នុងព្រែកមួយកន្លែង តែជាអកុសលត្រូវបានឆក់ខ្លួនឯងស្លាប់ទៅវិញ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៨និង១០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចព្រែកមុខកំពូល ស្ថិតក្នុងភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាង សេងហុង ភេទប្រុស អាយុ២៩ឆ្នាំ មានទៅលំនៅភូមិ/ឃុំកើតហេតុ ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ដងឆក់ត្រីចំនួន២ ,អាគុយ៤០អំពែ ចំនួន១គ្រឿង និងកន្ត្រក់ជរ័ ចំនួន១ផងដែរ ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា បន្ទាប់ពីជនរងគ្រោះសម្រាកពីការងារ នៅវេលាម៉ោង១៧រសៀល ប្ដីរបស់គាត់ជាជនរងគ្រោះបានចេញពីផ្ទះទៅឆក់ត្រីនៅឯព្រែកមុខកំពូល លុះមកដល់វេលាម៉ោង១៨ ថ្ងៃខែឆ្នាំដដែល បាត់ប្ដីយូរមិនទាន់ឃើញត្រឡប់មកផ្ទះ មានការងឿងឆ្ងល់ក៏ទៅរកមើលនៅព្រែកមុខកំពូល ស្រាប់តែឃើញម៉ូទរ័ឆក់ត្រីនៅមាត់ច្រាំង ដោយមានការសង្សយ័ក៏ចុះទឹករាវរក ស្រាប់តែប្រទះឃើញសពប្តីនៅក្នុងទឹក ក៏ផ្អើលឆោឡោស្រែកហៅបងប្អូនអោយមកជួយស្រង់យកជនរងគ្រោះមកផ្ទះ រួចរាយការណ៍ជូនសមត្ថកិច្ចនគរបាលជំនាញស្រុកដើម្បីចុះមកធ្វើការពិនិត្យ ។
បន្ទាប់ពីកម្លាំងនគរបាលជំនាញទទួលព័ត៌មានខាងលើ ភ្លាមនោះក៏ចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសពនៅផ្ទះជនរងគ្រោះ ឃើញថា ជនរងគ្រោះពុំមានស្លាកស្នាមអ្វីឡើយ ដោយបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ត្រី បណ្ដាលឲ្យឆក់ខ្លួនឯងពិតប្រាកដមែន ។
ក្រោយពីពិនិត្យសាកសពរួចមក សាកសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ស្អាងជ័យ