ព័ត៌មានទាន់ហេតុការណ៍៖

ការសមកំនិត្យគ្នា រវាងអាមេរិក នឹងអ៊ីស្រាអែល ក្នុងការពង្រីកទឹកដីទទួលរងការថ្កោលទោសយ៉ាងខ្លាំង​ពីសហគមន៍អន្តរជាតិ

ចែករំលែក៖

ពេលថ្មីៗនេះ អាមេរិក​បានផ្តល់អំណោយដល់អ៊ីស្រាអែលយ៉ាងធំ តាមរយៈការទទួលស្គាល់តំបន់នានាដែល អ៊ីស្រាអែលឈ្លានពានប្រទេសជិតខាង ថាជាដែនដីស្របច្បាប់​របស់អ៊ីស្រាអែល​។ ប៉ុន្តែ ជា​នយោបាយ​អយុត្តិធម៌​មួយទៀត សម្រាប់​ប្រជាជន​ម្ចាស់ដី ប៉ាឡេស្ទីន។

នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បាន​ថ្លែងអំណរគុណ​សម្រាប់​អំណោយ​របស់​លោកដូណាល់​ ត្រាំ។ ការប្រកាស​របស់​អាមេរិក​មានន័យ​ខ្លាំង​ណាស់​សម្រាប់​ប្រជាជន​អ៊ីស្រាអែល ៦សែននាក់ ដែល​កំពុង​រស់នៅ​ទឹកដី​ស៊ីហ្សកដានី ។ សម្រាប់​ប្រមុខរដ្ឋាភិបាល​អ៊ីស្រាអែល នយោបាយ​របស់​អាមេរិក​គឺ​ត្រឹមត្រូវ ណាស់​ព្រោះថា ប្រជាជន​អ៊ីស្រាអែល មិនអាច​ជា​ម្ចាស់​អាណានិគម បរទេស​នៅ​លើ​ទឹកដី​ដូនតា​របស់​ពួកគេ​នោះទេ។ រហូតមក អ៊ីស្រាអែល​តែងទាមទារ​ថា ទឹកដី​ស៊ីហ្សកដានី ធ្លាប់​ជា​ផ្នែកមួយ នៃ ទឹកដី​កំណើត​របស់​ព្រះJudea​របស់​ប្រជាជន​ជ្វីហ្វ។

អាមេរិក​របស់លោកដូណាល់ ត្រាំ បានប្រកាស​ចាត់ទុក សំណង់​អាណានិគមកិច្ច​ថា មិនមែន​ជារឿង​ខុសច្បាប់​អន្តរជាតិ។ វា​ប្រៀប​បាន​នឹង​ភ្លើងខៀវ លើកទឹកចិត្ត​ឲ្យ​អ៊ីស្រាអែល កាន់តែ​បាន​ដៃ ពង្រីក​សំណង់អាណានិគមកិច្ច​របស់​ខ្លួន នៅ​ស៊ីហ្សកដានី តទៅ​ទៀត ដោយ​លែង​ខ្លាច រអែង​អ្វី​ទាំងអស់ ។

សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន ការសម្រេច​របស់​រដ្ឋបាល​អាមេរិក​ចុងក្រោយនេះ មិនតឹ្រមតែ មើលងាយ បញ្ចុះតម្លៃ ច្បាប់​អន្តរជាតិ តែប៉ុណ្ណោះទេ ប៉ុន្តែ វា​រឹតតែ​ធ្វើ​ឲ្យ​ចរចា ឈាន​ទៅរកដំណោះស្រាយ សម្រាប់​បង្កើត​រដ្ឋ​ពីរ​ជិតគ្នា គឺ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន កាន់តែ​គ្មាន​ទៅទៀត។ ផ្ទុយទៅវិញ ការសម្រេច​របស់​អាមេរិក នឹង​ជំរុញ ឲ្យ​មាន​អំពើហិង្សា ការងើបបះបោរ សងសឹក​សម្លាប់​គ្នា​មិនឈប់ រវាង​ប្រជាជន​ទាំង​ពីរជាតិសាសន៍ ប៉ាឡេស្ទីន និង​អ៊ីស្រាអែល។

អាមេរិក​របស់​លោកដូណាល់ ត្រាំ​កំពុង​ប្រឈម​នឹង​ការរិះគន់​ពីសហគមន៍​អន្តរជាតិ បន្ទាប់ពី​បាន​ប្រកាស កាលពី​ថ្ងៃ​ចន្ទ លែង ចាត់ទុក​សំណង់អាណានិគមកិច្ច​អ៊ីស្រាអែល ក្នុង​ទឹកដី​ស៊ីហ្សកដានី​របស់​ប៉ាឡេស្ទីន ថា ជារឿង​ខុសច្បាប់​តទៅទៀត។ សម្រាប់​អង្គការ​សហប្រជាជាតិ ការផ្លាស់ប្តូរ​ជំហរ​របស់​ប្រទេស​អាមេរិក​តែមួយ នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​លក្ខន្តិកៈ​របស់​សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល ដែល​អង្គការសហប្រជាជាតិ​ចាត់ទុក​ថា ខុសច្បាប់​អន្តរជាតិ​រហូតមក​នោះទេ។

តាមរយៈ អ្នកនាំពាក្យ តាំងពី​ទីក្រុង​ហ្សឺណែវ ឧត្តមស្នងការសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​ប្រតិកម្ម​ខ្លាំង ទៅនឹង​ការសម្រេចចិត្ត​របស់​អាមេរិក ដែល​លែង​ចាត់ទុកសំណង់អាណានិគមកិច្ច​អ៊ីស្រាអែល ថា រឿង​ខុសច្បាប់​អន្តរជាតិ តទៅទៀត ។ សម្រាប់​ឧត្តម​ស្នងការសិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាតិ ការផ្លាស់ប្តូរ​ចិត្ត របស់​អាមេរិក​ដែល​ជា​ប្រទេស​មួយ នឹង​មិនអាច​ទៅ​ប្តូរផ្លាស់ ច្បាប់​អន្តរជាតិ ឬ​អាច​បកស្រាយ​តាមចិត្ត​របស់ខ្លួន នូវ ការសម្រេច​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ និង​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​នោះទេ។

តាម​អ្នកនាំពាក្យ​ខាងលើ ឧត្តម​ស្នងការ​សិទ្ធិមនុស្ស នឹង​នៅ​បន្ត គោរពតាម​ខ្សែបន្ទាត់​របស់​អង្គការ​សហប្រជាជាតិ ដែលថា សំណង់អាណានិគមកិច្ច​អ៊ីស្រាអែល កំពុង​រំលោភច្បាប់អន្តរជាតិ ព្រោះ​វា​សាងសង់ឡើង នៅ​លើ​ទឹកដី​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល​បាន​រំលោភ​យក​មក​គ្រប់គ្រង​ដោយ​ខុសច្បាប់។

សហភាព​អឺរ៉ុប នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​បញ្ជាក់​សាជាថ្មី ថា ខ្លួន​នៅតែ​ចាត់ទុក​សំណង់អាណានិគមកិច្ច​របស់​អ៊ីស្រាអែល ថា ខុសច្បាប់ ។ រហូតមក សហភាពអឺរ៉ុប​មាន​ជំហរ​ផ្ទុយ ពី​អាមេរិក​ដែល​គាំទ្រ មិនងាករេ នយោបាយ​អាណានិគមកិច្ច​របស់​អ៊ីស្រាអែល ។ កាលពី​សប្តាហ៍មុន តុលាការ​យុត្តិធម៌​អឺរ៉ុប​ទើប​តែ​បាន​ចេញ​បញ្ជា​ឲ្យ​ផលិតផល​របស់​អ៊ីស្រាអែល​ទាំងអស់​ត្រូវ​សរសេរ​បញ្ជាក់​ពីទីតាំង​ផលិត​របស់ខ្លួន ដូចជា​នៅ​តំបន់​អាណានិគមកិច្ច​នៅ​ទឹកដី​ស៊ីហ្សកដានី​ជាដើម។

នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ ភាគី​ប៉ាឡេស្ទីន​បាន​អំពាវនាវ​ឲ្យ​សម្ព័ន្ធអារ៉ាប់ កោះប្រជុំ​បន្ទាន់ នៅក្រោយ​អាមេរិក​ផ្លាស់ប្តូរជំហរ​ជុំវិញ​រឿងសំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល។ អេហ្ស៊ីប និង​ហ្សកដានី ប្រទេស​អារ៉ាប់ តែ​ពីរ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អ៊ីស្រាអែល បាន​រិះគន់ នយោបាយ​អាមេរិក និង​បាន​ព្រមាន​ពី​ផលវិបាក ដ៏​គ្រោះថ្នាក់។ ចំណែក តួកគី​ដែល​ចេញមុខ គាំទ្រ​ប៉ាឡេស្ទីន​រហូតមក បាន​ប្រតិកម្ម​ទៅនឹង​ការសម្រេចចិត្ត​របស់អាមេរិក ដោយថា គ្មានប្រទេស​ណាមួយ ដែល​ស្ថិតនៅពីលើ​ច្បាប់​អន្តរជាតិ​នោះទេ។

អ្នកតំណាងប៉ាឡេស្ទីន សម្រាប់​ការចរចា លោក​Saeb Erekat បាន​អះអាងថា ភាគី​ប៉ាឡេស្ទីន​ចាត់វិធានការ​ជាច្រើន​ដើម្បី​ប្រឆាំង​នឹង​ការសម្រេច​របស់​អាមេរិក ដូចជា​សុំ​ឲ្យ​មានការពិភាក្សា​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។ តាម​អ្នកតំណាងប៉ាឡេស្ទីន គេ​នឹង​ប្តឹង​ទៅ​អង្គការ​សហប្រជាជាតិ និង​សុំ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បើកការស៊ើបអង្កេត ជាផ្លូវការ ទៅ​លើ​សំណង់អាណានិគមកិច្ច​អ៊ីស្រាអែល​នៅ​ទឹកដី​ស៊ីហ្សកដានី។

តាម​អ្នកវិភាគ​នយោបាយ​អាមេរិក លោកដូណាល់ ត្រាំបាន​ផ្លាស់ប្តូរ ជំហរនយោបាយការបរទេស​អាមេរិក នៅពេលនេះ ក្នុង​បំណង​ទាក់ទាញ ម្ចាស់​សំឡេងឆ្នោត នៅក្នុង​ក្រុម គ្រិស្តសាសនិក Evengeliste ដែល​មាននិន្នាការ​គាំទ្រ បុព្វហេតុ​ជនជាតិ​អ៊ីស្រាអែល៕


ចែករំលែក៖