ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់វង្វេងផ្ទះត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យស្រាវជ្រាវ និងជូនទៅប្រគល់ឲ្យឪពុកម្តាយវិញ

ចែករំលែក៖

ភ្នំពេញ​៖​ ក្មេងស្រីអាយុប្រហែល៥ឆ្នាំម្នាក់ ក្រោយពីចេញពីសាលារៀង គ្មានអាណាព្យាបាលមកទទួល ត្រូវបានប្រជាពលរដ្ឋដឹកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ ហើយត្រូវបាននគរបាលប្រកាសរកឪពុកម្តាយកាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០១៩​ ។

ក្មេងស្រីខាងលើឈ្មោះ ធឿន ស្រីលី អាយុប្រហែល ៥ឆ្នាំ ។

សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុ មានប្រជាពលរដ្ឋម្នាក់បានដឹកក្មេងស្រីខាងលើមកប្រគល់ជូននគរបាល បន្ទាប់ពីរូបគាត់ទៅទទួលកូននៅសាលារៀនមត្តេយ្យពោធិ៍ចិនតុង ដោយឃើញក្មេងខាងលើអង្កុយស្រងូតស្រងាត់ម្នាក់ឯង ទើបសួរនាំរកផ្ទះ តែក្មេងនោះមិនស្គាល់ ទើបដឹកទៅប្រគល់ជូននគរបាលរដ្ឋបាលប៉ុស្តិ៍កាកាបទី១តែម្តង។

ក្រោយពីទទួលបានក្មេងហើយកម្លាំងនគរបាលបានប្រកាសតាមវិទ្យុទាក់ទង និងស្រាវជ្រាវទើបដឹងថា​ មានម្តាយឪពុកស្នាក់នៅភូមិប៉ប្រកខាងជើង​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ ហើយបានដឹកជូនទៅប្រគល់ឲ្យឪពុកម្តាយវិញ។

ឪពុកម្តាយក្មេងបានឲ្យដឹងថា​ ដោយសារតែរវល់ការងារពេកហើយប្តីស្មានតែប្រពន្ធទៅយករីឯប្រពន្ធស្មានតែប្តីទៅយកទើបធ្វើឲ្យកូនរបស់គាត់វង្វេងបែបនេះ ។

សមត្ថកិច្ចបានសំណូមពរដល់ឪពុកម្តាយគ្រប់រូបមេត្តាថែរក្សាកូនតូចឲ្យបានល្អចៀសវាងមនុស្សអាក្រក់ចាប់យកទៅប្រពិត្តបទល្មើសផ្សេងៗ ៕ សុខាសែនជ័យ​


ចែករំលែក៖