ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវនគរបាលឃាត់ខ្លួន រួមជាមួយថ្នាំញៀនម៉ាទឹកកក៧កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮ ឃាត់ខ្លួន រួមជាមួយវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៧កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ប្រតិបត្ដិការបង្រ្កាបនេះ ធ្វើឡើងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចព្រៃបញ្ចុះសព ស្ថិតក្នុងភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនបានឈ្មោះ ហ៊ីន សុខហៀង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រីឯជនសង្ស័យ២នាក់ទៀតដែលរត់គេចខ្លួនទី១/ឈ្មោះ គឿន ផាន់ណា ហៅឆ្មា ភេទប្រុស ជនជាតិខ្មែរ និងទី២/ឈ្មោះ កង មករា ហៅជ្រូក ភេទប្រុស ជនជាតិខ្មែរ ។ ជនសង្ស័យទាំង៣នាក់ មានទីលំនៅភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើនេះ ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ដែលសមត្ថកិច្ចនគរបាលបានកំណត់និងតាមដាន លុះមកដល់ថ្ងៃកើតហេតុ សមត្ថកិច្ចទទួលបានព័ត៌មានថា ជនសង្ស័យកំពុងធ្វើសកម្មភាពជួបជុំគ្នាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។ ភ្លាមៗនោះ សមត្ថកិច្ចនគរបាលជំនាញប្រឆាំងគ្រឿងញៀនស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល ចុះធ្វើការបង្រ្កាបរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៧កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ។

មន្រ្ដីនគរបាលប្រឆាំងគ្រឿងញៀនស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមជាមួយវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្ដ ដើម្បីចាត់ការបន្ដតាមច្បាប់ ។ ដោយឡែកជនសង្ស័យ២នាក់ដែលរត់គេចខ្លួននោះ ត្រូវបានសមត្ថកិច្ចធ្វើសាវតាជាតិនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាផងដែរ ៕ ស្អាងជ័យ


ចែករំលែក៖