ព័ត៌មានទាន់ហេតុការណ៍៖

វិវាទនៅកោះហុងកុងបន្តកើនឡើងទៀត ក្រោយ​ក្រុមប្រជាធិបតេយ្យ​ ទទួលបានការគាំទ្រខ្ពស់នៅក្នុងការបោះឆ្នោត

ចែករំលែក៖

ស្ថានភាពនៅកោះហុងកុង នឹង​មិនអាចវិវឌ្ឍន៍ទៅរកភាពល្អប្រសើរនោះឡើយ ក្រោយពេលដែល ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រខ្ពស់ជាប្រវត្តិសាស្ត្រនៅក្នុងការបោះឆ្នោត​​កាលពីថ្ងៃទី​២៤ ខែវិច្ឆិកា​ ។ ហុងកុងគឺជាតំបន់ស្វ័យភាព​ ស្ថិតនៅក្នុង​​គោលនយោបាយប្រទេសមួយ ប្រព័ន្ធដឹកនាំពីរ​ ។

ពលរដ្ឋរស់នៅកោះហុងកុង ជិត​៣លាននាក់ បាននាំគ្នាទៅបោះឆ្នោត ឃុំ-សង្កាត់ នៅកោះហុងកុង​​ ហើយបក្សគំាទ្រប្រជាធិបតេយ្យ មានសំឡេងគាំទ្រ កើនឡើងខ្ពស់ ដែលមិនធ្លាប់មានពីមុនមក ​ដោយទទួល​​បានអាសនៈ២១៦ ក្នុងចំណោម​៤៥២អាសនៈ។ ប៉ុន្ដែចំនួនអ្នកគំាទ្របានកើនឡើងដល់ទៅ​១២៤អាសនៈ បើប្រៀបធៀបនឹងការបោះឆ្នោត កាលពីលើកមុន។​ នេះជាលទ្ធផលបណ្តោះអាសន្ន ហើយចំនួនកៅអី នឹងបន្តកើនឡើង ក្រោយការរាប់សន្លឹកឆ្នោតចប់ជាផ្លូវការ។

ក្រុមអ្នកគាំទ្រ​ប្រជាធិបតេយ្យ នៅកោះហុងកុង កាលពីថ្ងៃទី​២៤ ខែវិច្ឆិកា ជាពេលវេលាសំខាន់បំផុត សម្រាប់​ក្រុមប្រជាធិបតេយ្យ​។ លោក​ Alan leong ​ប្រធានគណបក្សប្រជាជន ជាគណបក្សគាំទ្រប្រជាធិបតេយ្យធំ បំផុតនៅហុងកុង បានលើកឡើងថា​ «មានការភ្ញាក់រឭកពិតប្រាកដ​របស់ពលរដ្ឋកោះហុងកុង។

ការបោះឆ្នោតថ្នាក់ឃុំសង្កាតលើកនេះ មានសារសំខាន់យ៉ាងខ្លាំង ​ត្រូវបានគេចាត់ទុកថាជាការធ្វើប្រជាមតិ​ជុំវិញ វិបត្តិនយោបាយ នៅក្នុងកោះហុងកុង​។ លោក​ Alan leong បានអំពាវនាវឲ្យ រដ្ឋាភិបាលទី​ក្រុងប៉េកាំង ផ្លាស់ប្តូរគោលនយោបាយ ចំពោះកោះហុងកុង។ ជាមួយនឹងជ័យជម្នះ យ៉ាងធំធេងរបស់ក្រុមប្រជាធិបតេយ្យ ជាការបើកផ្លូវ​សម្រាប់ កោះហុងកុង នៅការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ នាឆ្នាំ​២០២២។

ជាទូទៅ ការបោះឆ្នោតឃុំសង្កាត់​ មានពលរដ្ឋចូលរួមប្រមាណតែ៤០ភាគរយប៉ុណ្ណោះ ប៉ុន្តែលើកនេះ បានឡើងរហូតដល់ទៅ​៧១ភាគរយ​ គឺជាចំនួនយ៉ាងច្រើន មិនធ្លាប់មានពីមុនមក​។ លទ្ធផលខាងលើនេះ​កាន់តែបង្កភាពស្មុគស្មាញដល់លោកស្រី​ Carrie Lam ​មេដឹកនាំកោះហុងកុង​៕


ចែករំលែក៖