ក្រោយដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអ៊ីរ៉ាក់ដោយស្ងាតៗ ក៏មានការវាយប្រហារកម្ទេចទីតាំង លាក់ខ្លួនដ៏សំខាន់របស់ក្រុមភេរវកម្ម IS នៅក្នុងប្រទេសនេះ។
អនុប្រធានាធិបតីអាមេរិក បានទៅដល់មូលដ្ឋានកងទ័ពជើងអាកាស អាល អាសាដ ក្នុងខេត្ត អានបា ភាគខាងលិចប្រទេសអ៊ីរ៉ាក់ ដោយមិនបានប្រាប់ឲ្យដឹងជាមុននោះទេ ចំពេលដែលប្រទេសអ៊ីរ៉ាក់កំពុងតែមានបាតុកម្មប្រឆាំងរដ្ឋាភិបាលអូសបន្លាយពេលជាច្រើនសប្តាហ៍មកនោះ ។
ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសនេះ លោកអនុប្រធានាធិបតីអាមេរិក បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក អាដេល អាបដុល ម៉ាឌី (Adel Abdul Mahdi) និងបានជួបជាមួយមេដឹកនាំតំបន់ស្វយ័តជនជាតិ ឃឺដ លោក Nerchirvan Barzani នៅទីក្រុង Erbilផងដែរ ។
សារព័ត៌មានអាមេរិកបានផ្សាយថា លោក ផេន ទៅកាន់អ៊ីរ៉ាក់ពេលនេះ គឺដើម្បីសម្តែងការដឹងគុណរបស់គាត់ចំពោះបងប្អូនយុទ្ធជន យុទ្ធនារីអាមេរិកទាំងអស់ ដែលកំពុងបំពេញបេសកកម្មនៅលើទឹកដីអ៊ីរ៉ាក់នេះ ប្រកបដោយជ័យជំនះ ។
លោក ផេន អះអាងថា អាមេរិក នឹងគោរពអធិបតេយ្យរបស់អ៊ីរ៉ាក់ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនោះឡើយ ។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់វិញបានធានាថា មិនប្រើប្រាស់កងកម្លាំងប្រឆាំងបាតុករដោយសន្តិវិធីនោះទេ ។
អនុរដ្ឋមន្ត្រីអាមេរិកទៅកាន់អ៊ីរ៉ាក់ពេលនេះ ចំពេលដែលស្ថានការណ៍នយោបាយកំពុងតានតឹងខ្លាំងឡើង ។ ក្រុមបាតុករបានទាមទាររំលាយចោលរចនាសម្ព័ន្ធរដ្ឋាភិបាលបច្ចុប្បន្ន ដែលពួកគេចាត់ទុកថា សុទ្ធតែដឹកនាំដោយពួកមន្ត្រីអសមត្ថភាព ហើយនិងពោរពេញទៅដោយអំពើពុករលួយទាំងនោះចេញ និងរៀបចំការបោះឆ្នោតសារជាថ្មីឡើងវិញ ។ ប៉ុន្តែរដ្ឋាភិបាលមិនព្រមធ្វើតាមការទាមទាររបស់ក្រុមបាតុករនោះឡើយ ។
បាតុកម្មកើតឡើងចាប់តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ហើយបានផ្ទុះនូវអំពីហិង្សាជាបន្តបន្ទាប់ មកដល់ពេលនេះ បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច ៣២៥ នាក់ និងរបួសជាង ១៥០ ០០០ នាក់ ។
គួររំលឹកថា កាលពីរដូវបុណ្យ គ្រីស្ទមាស់ ឆ្នាំមុន លោកដូណាល់ ត្រាំ និងជំទាវទីមួយ បានទៅទស្សនកិច្ចមិនប្រាប់ឲ្យដឹងជាមុននោះទេ ទៅកាន់បន្ទាយជើងអាកាសអាមេរិក ប្រចាំនៅភាគខាងលិចអ៊ីរ៉ាក់នោះដែរ ។ កាលណោះ លោក ត្រាំ មិនខ្ចីនិយាយរកដល់សូម្បីមេដឹកនាំអ៊ីរ៉ាក់ ដែលជាម្ចាស់ទឹកដីនោះផងទេ ។ លោកត្រាំ ទៅទីនោះ គឺដើម្បីសួរសុខទុក្ខ និងអរគុណចំពោះការបំពេញភារកិច្ចរបស់កងកម្លាំងទាហានអាមេរិក, ចំពោះការលះបង់របស់ពួកគេ និងការទទួលជ័យជំនះ ។ ទង្វើបែបនេះ របស់លោក ត្រាំ គ្រានោះ ទទួលរងការថ្កោលទោសថា ជាការប្រមាថមើលងាយដល់ទំនាក់ទំនង និងបំពានលើបទដ្ឋានការទូតជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់យ៉ាងធ្ងន់ធ្ងរ ។
ក្រោយដំណើរទស្សនកិច្ចបានមួយថ្ងៃ យន្តហោះចម្បាំង F-16 អ៊ីរ៉ាក់វាយប្រហារកម្ទេចទីតាំងលាក់ខ្លួនមួយកន្លែង របស់ក្រុមរដ្ឋអិស្លាម (IS) ភាគកណ្ដាល ប្រទេសអ៊ីរ៉ាក់ ។ មន្ត្រីយោធាអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា បាននិយាយថា ការវាយប្រហារនេះ បានសម្លាប់ ពួកភេរវកម្ម IS ទាំងអស់ដែលនៅទីនោះ ។
សេចក្តីថ្លែងការណ៍មួយរបស់ទីបញ្ជាការប្រតិបត្តិការរួម បានបញ្ជាក់ថា ការវាយប្រហារបានធ្វើឡើងនៅភាគកណ្តាលរបស់អ៊ីរ៉ាក់ ក្នុងខេត្ត សាឡាហូដីន (Salahudin) ។ យន្តហោះចម្បាំងបានវាយប្រហារ និងកម្ទេចទីតាំងលាក់ខ្លួនមួយកន្លែងរបស់ពួកភេរវកម្ម ។
សេចក្តីថ្លែងការណ៍មិនបានផ្តល់ព័ត៌មានលម្អិតអំពីការវាយប្រហារតាមដែនអាកាសនេះទេ ។ ប៉ុន្តែគេបានអះអាងថា នឹងបញ្ចេញប្រាប់ ព័ត៌មានបន្ថែមទៀតនៅពេលក្រោយ ។
ប្រភពស៊ីនហួបានផ្សាយថា យន្តហោះចម្បាមង F-16 អ៊ីរ៉ាក់ទម្លាក់គ្រាប់បែកទីតាំងលាក់ខ្លួនរបស់ក្រុមភេរវកម្ម ដេស Daesh (ក្រុមរបស់ IS) នៅជិតតំបន់ Mteibijah ភាគខាងកើតខេត្ត សាឡាហូដីន ។ ក្រុមឧទ្ទាមទាំងប៉ុន្មានដែលនៅទីនោះត្រូវស្លាប់ទាំងអស់ ។
គួរបញ្ជាក់ថា តំបន់ Mteibijah ចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគអាគ្នេយ៍រដ្ឋធានី Tikrit របស់ខេត្ត សាឡូហាដីន នោះ ជាទីកន្លែងលាក់ខ្លួនយ៉ាងសុខសាន្តរបស់ក្រុមជ្រុលនិយមអិស្លាម IS ។ កងកម្លាំងសន្តិសុខតែងតែប្រមាញ់ និងកម្ទេចក្រុមនេះពុំដែលឈប់ឈរ ។ ក្រុមឧទ្ទាមនៅទីនោះ តែងឆ្មក់វាយប្រហារលើកងកម្លាំងសន្តិសុខ និងជនស៊ីវិលអ៊ីរ៉ាក់ម្តងម្កាល់ស្ថិតនៅក្នុងទីក្រុងនានាក្នុងខេត្ត សាឡាហូដីន និងនៅខេត្តជិតខាងនោះ ឌីយ៉ាលា ផងដែរ ។
ស្ថានការណ៍សន្តិសុខនៅអ៊ីរ៉ាក់បានល្អប្រសើរបន្តិចម្តង ក្រោយកងទ័ពអ៊ីរ៉ាក់បានជ័យជំនះពេញទីទៅលើក្រុមឧទ្ទាម IS នៅទូទាំងប្រទេសកាលពីចុងឆ្នាំ២០១៧ ។
ប៉ុន្តែទោះបីយ៉ាងណា ចាប់តាំងពីបាត់បង់ការតាំងទីរបស់ពួកគេនៅតាមទីក្រុង ក្រុមនេះបានរត់ទៅកាន់តំបន់នានា នៅសង្កាត់មាត់ញក ដើម្បីលាក់ខ្លួន និងធ្វើជាទ័ពព្រៃវាយប្រហារកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ និងជនស៊ីវិលជាបន្តបន្ទាប់ ៕