ភ្នំពេញ៖ នៅរសៀល នាថ្ងៃច័ន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា នារាជធានីភ្នំពេញ, លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ (MRC) សម្រាប់ឆ្នាំ២០១៩ បានអនុញ្ញាតឲ្យលោកJean Bernard Carrasco ឯកអគ្គរដ្ឋទូតអូស្រា្តលី ប្រចាំប្រទេសឡាវ និងបច្ចុប្បន្នជាប្រធានក្រុមប្រទេសដៃគូអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌ MRC ចូលជួបសំដែងការគួសម និងពិភាក្សាការងារ។
នៅក្នុងជំនួប លោករដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណ លោកJean Bernard Carrasco ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រទេសដៃគូអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌ MRC លើកទី២៤ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់លោករដ្ឋមន្រ្តី ក្នុងនាមជាប្រធានក្រុមប្រឹក្សា ឆ្នាំ២០១៩ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ។ លោករដ្ឋមន្រ្តី បានថ្លែងអរគុណក្នុងនាម MRC ដល់អូស្រ្តាលី ដែលជាដៃគូអភិវឌ្ឍន៍មួយដែលបានរួមចំណែកជួយគាំទ្រទាំងហិរញ្ញវត្ថុ និងបច្ចេកទេស ដល់ការងាររបស់ MRC ជារួម និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអរគុណ តាមរយៈលោកឯកអគ្គរដ្ឋទូត ជូនដល់រដ្ឋាភិបាលអូស្រ្តាលី ដែលបានរួមចំណែកជួយដល់ការអភិវឌ្ឍកម្ពុជា និងដោយឡែកលើវិស័យធនធានទឹក រហូតមកដល់ពេលនេះ។
លោកJean Bernard Carrasco បានគោរពថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមជាប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ២០១៩ ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការីបានចូលជួបសំដែងការគួរសមក្នុងឱកាសមកចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រទេសដៃគូអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌ MRC លើកទី២៤ ។ លោកបានជម្រាបអំពីជំនួយអូស្រ្តាលីដែលបានជួយដល់ការងាររបស់ MRC លើការគ្រប់គ្រងធនធានទឹកឆ្លងដែន រហូតមកដល់ពេលនេះ។
ក្នុងកិច្ចជំនួប ភាគីទាំងពីរ បានពិភាក្សាដោយផ្តោតលើវឌ្ឍនភាពការងារ, បញ្ហាប្រឈម តម្រូវការ និងអាទិភាព របស់ MRC ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាង MRC និងដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់កិច្ចសហប្រតិបត្តិការតំបន់ សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃធនធានទឹក និងធនធានពាក់ព័ន្ធក្នុងអាងទន្លេមេគង្គ។
លោកឯកអគ្គរដ្ឋទូត តាងនាមដៃគូអភិវឌ្ឍន៍ បានបង្ហាញនូវការប្តេជ្ញាចិត្តបន្តជួយដល់ការងារ MRC ឲ្យមានការវិវត្តរីកចម្រើនជាបន្ថែមទៀត និងថាដោយឡែកសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី, អូស្រ្តាលី នឹងនៅតែរួមចំណែកជួយសម្រាប់ការអភិវឌ្ឍកម្ពុជា និងដោយឡែកលើវិស័យធនធានទឹក ជាបន្តទៀត។
លោករដ្ឋមន្រ្តី ក្នុងនាមជាប្រធានក្រុមប្រឹក្សា MRC បានថ្លែងអំណរគុណដល់ប្រទេសអូស្រ្តាលី និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដែលនៅតែបន្តជួយដល់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ MRC ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ក៏ដូចជាការប្តេជ្ញាចិត្តរបស់អូស្តា្រលី ក្នុងការបន្តជួយដល់ការអភិវឌ្ឍកម្ពុជា ផងដែរ។
សូមជម្រាបថា គិតរហូតមកដល់ពេលនេះ, អូស្ត្រាលី បានជួយ MRC ក្នុងរង្វង់ទឹកប្រាក់ ប្រមាណ២៧ លានដុល្លារ លើការងារ៖ ការកសាងសមត្ថភាពធនធានមនុស្ស និងស្ថាប័ន, ការគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ, ការរៀបចំផែនការអភិវឌ្ឍន៍អាង, ការរៀបចំប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃ និងផ្នែកមូលដ្ឋានទិន្នន័យជាដើម៕
ដោយ៖ សុខ ខេមរា