ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ាក់ និងអ៊ីរ៉ង់ អាចធ្លាក់ក្នុងសង្គ្រាម​ជាថ្មី ដូចពីអតីតកាល

ចែករំលែក៖

ពេលនេះអ៊ីរ៉ាក់ និងអ៊ីរ៉ង់​​អាចធ្លាក់ក្នុងដំណាក់កាលតានតឹងសារជាថ្មី ​ក្រោយពេលក្រុមបាតុករអ៊ីរ៉ាក់​ ដែលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលបែរជាទៅដុតស្ថានទូតរបស់អ៊ីរ៉ង់វិញ ។ សកម្មភាពខាងលើអាចមានការលូកដៃពីខាងក្រៅដើម្បីធ្វើឲ្យអ៊ីរ៉ាក់ និងអ៊ីរ៉ង់​ធ្លាក់ក្នុងសម័យកាលនៃសង្គ្រាមជាថ្មី ។

មន្ត្រីសន្តិសុខរបស់ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ជាក់ថា ក្រុមបាតុករដែលនាំគ្នាធ្វើបាតុកម្ម នៅក្នុងទីក្រុង Najaf នោះ បានដុតស្ថានទូតអ៊ីរ៉ង់ ឆេះយ៉ាងសន្ធោសន្ធៅ មិនដឹងអំពីមូលហេតុពិតប្រាកដ ។ គេមិនដឹងថា តើក្រុមបាតុករ​ទាំងនោះ ខឹងសម្បាជាមួយអ៊ីរ៉ង់ ដោយសារអ្វីនោះទេ បានជានាំគ្នាដុតស្ថាន​ទូត​គេយ៉ាងដូច្នេះ ។

ខ្សែវីដេអូ និងរូបភាពជាច្រើនដែលបានចែកចាយតគ្នា កាលពីរសៀលថ្ងៃពុធ បង្ហាញឲ្យឃើញថា ស្ថានកុងស៊ុលរបស់អ៊ីរ៉ង់​ ប្រចាំនៅទីក្រុងដែលសម្បូរទៅដោយជនអ៊ិស្លាមនិកាយស៊ីអ៊ីដ រស់នៅភាគច្រើនបំផុតនោះ ត្រូវអណ្ដាតភ្លើងឆាបឆេះ​យ៉ាងសន្ធោសន្ធៅ ។

សារពត៌មាន របស់អារ៉ាប៊ីសាអូឌីត Al Arabiya បានផ្សាយថា បុគ្គលិកស្ថានទូតអ៊ីរ៉ង់ បាននាំគ្នារត់ចេញពីទីតាំងអគារស្ថានទូតរបស់ខ្លួនយ៉ាងតក់ស្លុតចិត្តតាមទ្វារក្រោយមួយ ។ ប៉ូលិសអ៊ីរ៉ាក់ បានបាញ់កាំភ្លើងព្រមាន ដើម្បីបំបែកហ្វូងបាតុករ ប៉ុន្តែបន្តិចក្រោយមក កម្លាំងសន្តិសុខទាំងនេះ បានដកថយជាមួយនឹងបុគ្គលិកស្ថានទូតអ៊ីរ៉ង់អស់ ដោយបន្សល់ទុកឲ្យក្រុមបាតុករចំនួន១៧នាក់​ រងរបួសនៅទីនោះ ។

សារព័ត៌មានរ៉យទ័រ​ បានផ្សាយថា ស្ថានទូតអ៊ីរ៉ង់ទាំងមូលត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង ដោយសារការដុតបំផ្លាញពីសំណាក់ក្រុមបាតុករ ។

ខ្សែវីដេអូខ្លះទៀត របស់ក្រុមបាតុករ បានអះអាងថា ពួកគេបានទម្លាក់ទង់ជាតិរបស់អ៊ីរ៉ង់ពីអគារស្ថានទូតនោះ ហើយដុតកម្ទេចចោល ។ ប្រភពព័ត៌មានផ្សេងទៀតផ្សាយថា ក្រុមបាតុករ ក៏បានលើកទង់ជាតិអ៊ីរ៉ាក់ នៅទីនោះ ។

សារ៉ាព័ត៌មាន Asharq Al-Awsat (មជ្ឈិមបូព៌ា) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានផ្សាយថា អាជ្ញាធរអ៊ីរ៉ាក់បានដាក់បម្រាមគោចរមួយ នៅក្នុងទីក្រុង ដែលមានប្រជាជនរស់នៅប្រហែល១លាននាក់នោះ ។

សារពត៌មាន បារាំង AFP បានផ្សាយ កាលពីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកាថា បាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ាក់ បានរីករាលដាលពាសពេញប្រទេស ក្នុងនោះមានដូចជានៅភាគខាងត្បូងអ៊ីរ៉ាក់ ទីក្រុង Najaf និងទីក្រុង Karbala ដែលជាទីតាំងសក្ការបូជារបស់ក្រុមអ៊ីស្លាមនិកាយស៊ីអ៊ីដ ។ នៅទីនោះ ក្រុមបាតុករបានដុតកម្ទេចរបាំងការពារដែលធ្វើអំពីសំបកកង់រថយន្ដ ឆេះយ៉ាងសន្ធោសន្ធៅ ។

គួររំឭកផងដែរថា រហូតមកដល់ពេលនេះ មានរយៈពេលជិត២ ខែកន្លងហើយ ដែលក្រុមបាតុករក្នុងប្រទេសអ៊ីរ៉ាក់បន្តធ្វើបាតុកម្មប្រឆាំងនឹងអំពើពុករលួយរបស់រដ្ឋាភិបាលដ៏រីករាលដាល និងភាពអត់មានការងារធ្វើកើនឡើងខ្ពស់នៅក្នុងប្រទេសនេះ ។ ​ បាតុកម្មបានក្លាយជាអំពើហិង្សា​​បណ្តាលឲ្យស្លាបមនុស្សអស់ជាង​៣៥០នាក់ និង​ប្រហែល​១៥ ០០០ នាក់ទៀត​រងរបួស ចំពេលដែលរដ្ឋាភិបាលប្រទេសនេះកំពុងរងនូវសម្ពាធយ៉ាងខ្លាំងក្លា ។ ក្រុមបាតុករបានបង្ខំឲ្យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Adel Abdul Mahdi លាលែងពីតំណែង និងរៀបចំការបោះឆ្នោត សារឡើងវិញ ៕


ចែករំលែក៖