ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុមហុ៑ន Avacas បើកឡើងចំណោតមិនរួច រអិលថយក្រោយកិនម៉ូតូពីរគ្រឿងរុញផ្ទប់ និងជញ្ជាំងផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តក្រុមហុ៑ន Avacas បានបើកឡើងចំណោតមិនរួចហើយជាន់ហ្វ្រាំងមិនស៊ីបានរអិលថយក្រោយមកកិនពីលើកម៉ូតូ២គ្រឿងរងការខូចខាតហើយបានរុញផ្ទប់ទៅ និងជញ្ជាំងផ្ទះប្រជាពលរដ្ឋ សំណាងល្អដែលមិនប៉ះពាល់ដល់មនុស្ស ដោយហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង២០នាទីព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចចំណោត ក្លោងទ្វារវត្តពោធិញាណ ភូមិឫស្សី សង្កាត់ស្ទឹង មានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ដឹកទំនិញរបស់ក្រុមហុ៑ន Avacas បានធ្វើដំណើរតាមផ្លូវបេតុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុដែលជាកន្លែងចំណោត រថយន្តប្រឹងបើកឡើងទៅផ្លូវ៣៧១ ប៉ុន្តែឡើងមិនរួចក៏រអិលថយក្រោយ កិនពីលើម៉ូតូ សេ១២៥ មួយគ្រឿង និងម៉ូតូ PCX មួយគ្រឿងទៀត ហើយបន្តរអិលបុកបង្គោលស្លាកសញ្ញា និងកិនម៉ាស៊ីនខ្យល់ រុញផ្ទប់ជាមួយ និងជញ្ជាំងផ្ទះប្រជាពលរដ្ឋកល់ជាប់ទៅមុខលែងរួច ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍នេះ មិនមានអ្នករង់របួសទេ ដោយសារពេលកើតហេតុម្ចាស់ម៉ូតូបានលោតចេញពីម៉ូតូទាន់ពេល ប៉ុន្តែបណ្តាលឲ្យម៉ូតូ និងរថយន្តបង្ករួមជាមួយសម្ភារមួយចំនួនត្រូវរងការខូចខាត ។ សមត្ថកិច្ចបន្តថាក្រោយកើតហេតុម្ចាស់រថយន្តបង្កបានសម្របសម្រួលជាមួយម្ចាស់ម៉ូតូ និងម្ចាស់ផ្ទះ សុំចេញសងថ្លៃខូចខាតទាំងអស់ដើម្បីបញ្ចប់រឿង ។

គួរបញ្ជាក់ថា កាលពីប៉ុន្មានខែមុន នៅត្រង់ចំណុចនេះក៏ធ្លាប់មានករណីរថយន្តរអិលកិនម៉ូតូ និងកិនមនុស្សស្លាប់ផងដែរ ដូច្នេះសូមបងប្អូនបើកបរត្រូវមានការប្រុង ប្រយ័ត្នឲ្យបានច្រើនពេលមកដល់ចំណុចនេះ៕ ភារ៉ា ដង្កោ


ចែករំលែក៖