ព័ត៌មានទាន់ហេតុការណ៍៖

ចិនប្រតិកម្មយ៉ាងខ្លាំង ក្រោយលោកត្រាំចុះហត្ថលេខាគាំទ្រក្រុមបាតុករហុងកុង

ចែករំលែក៖

ក្រោយពេលលោកត្រាំចុះហត្ថលេខាលើច្បាប់ គាំទ្រក្រុមបាតុករហុងកុង នៅព្រឹកថ្ងៃទី​២៨ ខែវិច្ឆិកានេះ​ ក្រសួងការបរទេសចិនបានចេញសេចក្តីប្រកាសថា​ អាមេរិក មានចេតនាអាក្រក់ ​មកលើចិន ហើយគម្រោងអាក្រក់ទាំងនោះ និងត្រូវបរាជ័យជាមិនខាន ។

ប្រព័ន្ធផ្សព្វាផ្សាយចិន​បានផ្សាយថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្តេជ្ញា ការពារ​គោលនយោបាយប្រទេសមួយរបបដឹកនាំពីរ ហើយការដែល​លោកត្រាំ ចុះហត្ថលេខាលើច្បាប់ស្តីពីសិទ្ធិមនុស្សនៅកោះហុងកុង ប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងប្រទេសទាំងពីរ ។

សារព័ត៌មាន​ CNBC ​បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងការពារជាតិចិន​បានបញ្ជាក់ថា «យើង​សូមបញ្ជាក់ទៅកាន់អាមេរិក និងអ្នកនយោបាយមួយចំនួននៅកោះហុងកុងដែលត្រូវអាមេរិក អូសទាញថា​ កំវាយតម្លៃទាបចំពោះការសម្រេចរបស់យើង ក្នុងការធានាដល់សន្តិសុខស្ថេរភាព​ នៅកោះហុងកុង​ ។ សូមកំឲ្យតម្លៃទាបចំពោះការប្តេជ្ញាការពារ​ នយោយ ប្រទេសមួយរបបគ្រប់គ្រងពីរ ។ ​យើង នឹងការពារ​អធិបតេយ្យ ប្រទេសជាតិរបស់យើង​» ។

ការលើកឡើងខាងលើរបស់ចិនក្រោយពេលដែលលោកត្រាំ ចុះហត្ថលេខាលើច្បាស់ ស្តីពីហុងកុង​ អាចធ្វើឲ្យទំនាក់ទំនងអាមេរិក-ចិន កាន់តែតានតឹង ។ ​បន្ទាប់ពីសភាអាមេរិក បានអនុម័តរួចមក រហូតមកដល់ពេលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខា ដើម្បីឲ្យក្លាយទៅជាច្បាប់ពេញលេញ ស្តីពី​សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកោះហុងកុង​ ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី​២៧ ខែវិច្ឆិកា បានចុះហត្ថលេខា​លើច្បាប់គាំទ្រដល់ក្រុមបាតុកម្ម​​ហុងកុង ​​បើទោះជាទីក្រុងប៉េកាំង ​បាន​ប្រឆាំងយ៉ាងណាក្តី ។ សារព័ត៌មានរ៉យទ័រ​ បានផ្សាយថា សកម្មភាពខាងលើ​របស់​អាមេរិក និងបង្កឲ្យមានភាពតានតឹងជាថ្មី ​ហើយវា និងធ្វើឲ្យប៉ះពាល់ដល់​កិច្ចព្រមព្រៀង បញ្ចប់សង្គ្រាមពាណិជ្ជកម្ម រវាងមហាអំណាចទាំង២នេះថែមទៀតផង ។ ច្បាប់ស្តីពីសិទ្ធិមនុស្សហុងកុង​ ត្រូវបានសភាអាមេរិកអនុម័ត កាលពីសប្តាហ៍កន្លងមក​ ដោយ​ទទួល​បានការគាំទ្រខ្ពស់បំផុត ។

ច្បាប់ខាងលើ បានស្នើដល់រដ្ឋាភិបាលអាមេរិក ត្រូវតែ​​ចេញរបាយការណ៍ ស្តីពី​ការវាយតម្លៃលើច្បាប់សិទ្ធិមនុស្ស នៅហុងកុង​​ ថាតើតំបន់នោះមានសិទ្ធិស្វ័យភាពគ្រាប់គ្រាន់​ ដើម្បីឲ្យអាមេរិក​ផ្តល់អាទិភាព​ ក្នុងវិស័យពាណិជ្ជកម្ម​ដែរឬទេ? ច្បាប់ខាងលើរបស់អាមេរិក ក៏បាន​ដាក់ទណ្ឌកម្មទៅលើបុគ្គ​ល​ ដែលបំពានសិទ្ធិមនុស្ស នៅហុងកុងផងដែរ ។

លោក ត្រាំ​ បាននិយាយនៅក្នុងសេចក្តីប្រកាស​ថា «ខ្ញុំបានចុះហត្ថលេខាលើច្បាប់​ខាងលើ​ ​ដោយសារតែការគោរពដល់ប្រធានាធិបតី ស៊ី ជីនពីង​​​ និងពលរដ្ឋ​ចិន និងហុងកុង​ ។ ច្បាប់ខាងលើសង្ឃឹមថា ទីក្រុងប៉េកាំង និងថ្នាក់ដឹកនាំកោះហុងកុង​ និងស្វែង​រកដំណោះ​ស្រាយសមស្របណាមួយ ដើម្បីបញ្ចប់វិវាទ នៅកោះហុងកុង​» ។

បាតុកម្មនៅហុងកុង បានផ្ទុះឡើង ចាប់តាំងពីខែមិថុនា រហូតមកទល់ និងពេលនេះ​ ​ក៏មានបាតុករ ​៤.៦០០នាក់ ត្រូវបានចាប់ខ្លួន​ និងរបួសជាច្រើន ។

ក្រុមអ្នកឯកទេសលើកឡើងថា អាមេរិកគ្រោងចេញច្បាប់គាំទ្រក្រុមបាតុករយូណាសមកហើយ តែអាមេរិករងចាំមើលលទ្ធផលបោះឆ្នោតឃុំសង្កាត់នៅកោះហុងកុង ថាតើ ភាគីប្រជាធិបតេយ្យឬ ភាគីគាំទ្រចិន ជាអ្នកឈ្នះ ។

លទ្ធផល​នៃ​ការ​បោះឆ្នោត​ឃុំ សង្កាត់​ពេល​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ថា ពលរដ្ឋ​ហុងកុង​ភាគ​ច្រើន​បាន​បន្ត​គាំទ្រ​បុព្វហេតុ​របស់​ក្រុម​អ្នកប្រជាធិបតេយ្យ​ដែល​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​តាំង​ពី ៦ខែ​កន្លង​មក ។ បុព្វហេតុ​នោះ គឺ​សេរីភាព និង​ប្រជាធិបតេយ្យ​ដោយ​ទទូច​ឲ្យ​រដ្ឋអំណាច​កណ្តាល​នៅ​ចិនដីគោក​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​សម្រាប់​ដែនដី​ស្វយ័ត​ហុងកុង ។ ពិត​ណាស់​ក្នុង​រយៈពេល ៦ខែ​កន្លង​ទៅ ហុងកុង​បាន​ធ្លាក់​ក្នុង​វិបត្តិនយោបាយ​មួយ​យ៉ាង​ជ្រៅ​តាម​រយៈ​ក្បួន​បាតុកម្ម​បង្កប់​ដោយ​អំពើហិង្សា​គ្មាន​រលួស​ថ្ងៃ​របស់​ក្រុម​សកម្មជន​អ្នកប្រជាធិបតេយ្យ ។

តែ​សម្រាប់​ពលរដ្ឋ​ហុងកុង​ទូទៅ​វិញ ពួក​គេ​បាន​ប្រើ​សន្លឹកឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ សង្កាត់​ពេល​នេះ​ដើម្បី​គាំទ្រ​បុព្វហេតុ​របស់​ក្រុម​សកម្មជន​អ្នកប្រជាធិបតេយ្យ និង​ដើម្បី​ចង់​ព្រមាន​រដ្ឋអំណាច​ហុងកុង​ដែល​មាន​ទំនោរ​រក​ចិន​ដីគោក​ថា ពួក​គេ​មិន​ចង់​ឃើញ​ហុងកុង​ក្លាយ​ជា​រដ្ឋ​ប៉ូលិស និង​របប​ផ្តាច់ការ​ឡើយ ។ លោក Wu Chi-wai ប្រធាន​គណបក្សប្រជាធិបតេយ្យ​ដែល​ជា​បក្សប្រឆាំង​ដ៏​ធំ​នៅ​ហុងកុង​បាន​បញ្ជាក់​ថា ដល់​ពេល​ដែល​រដ្ឋអំណាច​ហុងកុង​ត្រូវ​ប្រឈម​មុខ​ និង​មតិមហាជន​ដោយ​ស្មោះត្រង់ ។ លោកស្រី​ការី ឡាំ​ដែល​ជា​ប្រមុខ​រដ្ឋអំណាច​ហុងកុង​មិន​បាន​ប្រកាស​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ទេ តែ​បាន​ថ្លែង​ថា លោកស្រី​ និង​ស្តាប់​តាម​មតិ​របស់​ប្រជាពលរដ្ឋ និង​យក​មតិ​នោះ​ទៅ​គិតគូរ​ដោយ​ម៉ត់ចត់​ជា​ទីបំផុត ។

បញ្ហា​នៅ​ត្រង់​ថា លោកស្រី​ការី ឡាំ​មិន​បាន​លំអិត​បន្ថែម​លើ​អ្វី​ដែល​លោកស្រី​ចង់​ធ្វើ​នោះ​ទេ ។ តែ​ក្រុមប្រឆាំង​បាន​រម្លឹក​ប្រាប់​លោកស្រី​ឲ្យ​ដោះស្រាយ​លើ​ការ​ទាមទារ​ចំនួន ៥ របស់​ពួក​គេ ពិសេស​បង្កើត​ឲ្យ​មាន​ឡើង​វិញ​នូវ​ប្រព័ន្ធ​បោះឆ្នោត​សកល​សម្រាប់​ជ្រើសរើស​ប្រមុខដឹកនាំ​ហុងកុង និង​បើក​ការ​ស៊ើបអង្កេត​ស្តីពី​អំពើហិង្សា​របស់​ប៉ូលិស​លើ​ក្រុម​បាតុករ ។ ប្រតិកម្ម​ពី​ចិនដីគោក​វិញ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ថ្លែង​នា​រសៀល​ថ្ងៃ​ចន្ទ ទី២៥ វិច្ឆិកា​ថា ក្រុង​ប៉េកាំង​នៅ​បន្ត​គាំទ្រ​លោកស្រី​ការី ឡាំ​ជា​ប្រមុខ​ដឹកនាំ​ហុងកុង ។

តើ​លទ្ធផល​បោះឆ្នោត​ពេល​នេះ​ និង​ធ្វើ​ឲ្យ​ស្ថានការណ៍​ហុងកុង​វិវឌ្ឍ​ក្នុង​ផ្លូវ​ណា? ។ លោក Willy Lam អ្នកវិភាគ​នយោបាយ​ហុងកុង​បាន​យល់​ឃើញ​ថា លទ្ធផល​នេះ​អាច​ និង​ពន្លឿន​ការ​លា​ចុះ​ពី​តំណែង​របស់​លោកស្រី​ការី ឡាំ និង​ក៏​អាច​ធ្វើ​ឲ្យ​វិបត្តិ​កាន់​តែ​ធ្លាក់​ធ្ងន់ធ្ងរ​ថែម​ទៀត​ដែរ ។ តាម​លោក Willy Lam ក្រុម​បាតុករ​អ្នក​ប្រជាធិបតេយ្យ​ និង​ប្រើ​លទ្ធផល​បោះឆ្នោត​នេះ​ដើម្បី​បន្ត​ការ​តស៊ូ​កាន់​តែ​ខ្លាំង​ជាង​មុន ។ តែ​គេ​ត្រូវ​ដឹង​ថា ចិនដីគោក​ក៏​ និង​មិន​ធ្វើ​សម្បទាន​អ្វី​ទាំង​អស់ ៕


ចែករំលែក៖