កន្លងមក អ៊ីរ៉ង់ និងប្រទេសមួយចំនួនចោទប្រកាន់អាមេរិកថា ជាអ្នកនៅពីក្រោយ ជួយដល់ក្រុមភែរវកម្ម IS នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដើម្បីបង្កអសន្តិសុខក្នុងតំបន់ ជួយដល់អាមេរិក និងសម្ពន្ធមិត្តគ្រប់គ្រង ទីនោះ ។
ប៉ុន្តែនៅពេលនេះ សម្ព័ន្ធមិត្តរបស់អាមេរិក និងជាសមាជិកណាតូ បានចោទប្រកាន់គ្នាទៅវិញទៅមក ។ នៅពេលនេះតួកគីចោទបារាំង ជាអ្នកឧបត្ថម្ភអំពើភេរវកម្ម នៅក្នុងប្រទេសស៊ីរី។
តួកគី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានចោទប្រកាន់ លោក Emmanuel Macron ប្រធានាធិបតីបារាំង ថាជាអ្នកទ្រទ្រង់អំពើភេរវកម្ម ក្រោយពេលលោក រិះគន់យ៉ាងខ្លាំងចំពោះប្រតិបត្ដិការយោធារបស់រដ្ឋាភិបាលទីក្រុងអង់ការ៉ា នៅក្នុងប្រទេសស៊ីរី។
លោក Recep Tayi Erdogan ប្រធានាធិបតីតួកគី កាលពីខែមុននេះ បានបើកប្រតិបត្ដិការយោធា ប្រឆាំងនឹងកងកម្លាំងដឹកនាំដោយ Kurd នៅភាគខាងជើង ប្រទេសស៊ីរី។ លោកប្រធានាធិបតីតួកគី តែងតែចាត់ទុកកងកម្លាំងឃឺដ (YPG) ជាក្រុមភេរវករ មានទំនាក់ទំនងនឹង ISIS ដែលនាំឲ្យគ្រោះថ្នាក់ដល់ប្រទេសតួកគី។ ប៉ុន្ដែសកម្មភាពបញ្ជូនកងទ័ពរបស់ទីក្រុងអង់ការ៉ា វាយលុកចូលទៅភាគខាងជើង នៃប្រទេសស៊ីរី នោះ ត្រូវបានមេដឹកនាំពិភពលោក ថ្កោលទោសយ៉ាងខ្លាំង ហើយចាត់ទុកថា នេះជាការឈ្លានពានលើអធិបតេយ្យភាពរបស់ប្រទេសស៊ីរី។
លោក ម៉ាក្រុង ប្រធានាធិបតីបារាំង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ម្សិលមិញ បានរិះគន់ជាដដែលទៅលើសកម្មភាពយោធារបស់ប្រទេសតួកគី។ ទីក្រុងអង់ការ៉ា កំពុងតែបង្ហាញឲ្យសម្ពន្ធមិត្តរបស់ខ្លួន ឃើញពីភាពក្បត់ ដែលបង្កគ្រោះថ្នាក់ដល់ប្រសិទ្ធភាព របស់ក្រុមអ្នកប្រឆាំងនឹង ISIS ។ ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំង ពីទីក្រុងអង់ការ៉ា ដោយចោទប្រកាន់ទីក្រុងប៉ារីស ថា ជាអ្នកព្យាយាមបង្កើតរដ្ឋឃឺដ នៅក្នុងប្រទេសស៊ីរី។
លោក Mevlut Cavusoglu រដ្ឋមន្រ្ដីការបរទេសតួកគី បានថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Anadolu របស់រដ្ឋ ថា ប្រធានាធិបតីតួកគី បានចោទប្រកាន់លោក ម៉ាក្រុង ថា កំពុងតែឧបត្ថម្ភដល់អង្គការភេរវករ។ ទីក្រុងអង់ការ៉ា ចាត់ទុក YPG ជាការបំបែកខ្លួនរបស់ឃឺដ (PKK) ដែលបានធ្វើកុបកម្ម នៅក្នុងប្រទេសតួកគី អស់រយៈពេល៣៥ឆ្នាំមកហើយ។ ក្រុមនេះក៏ត្រូវបានដាក់ចូលទៅក្នុងបញ្ជីខ្មៅ ជាក្រុមភេរវកររបស់ទីក្រុងអង់ការ៉ា និងសម្ព័ន្ធមិត្តខាងលិចរបស់ខ្លួនផងដែរ។ ដូច្នេះសូមកុំឲ្យលោក ម៉ាក្រុង ភ្លេចខ្លួនថា តួកគី ក៏ជាសមាជិក នៃអង្គការណាតូមួយដែរ ហើយណាតួ តែងតែឈរខាងសម្ពន្ធមិត្តរបស់ខ្លួន។
លោក Macron ប្រធានាធិបតីបារាំង រិះគន់យ៉ាងខ្លាំងទៅលើតួកគី ចំពោះការសម្រេចចិត្ដ លើកកងទ័ពវាយប្រហារទៅលើកងកម្លាំងឃឺដ (YPG) នោះ ក្រោយពេលលោកបានចរចាជាមួយនឹងប្រធានអង្គការណាតូ លោក Jens Stoltenberg នៅក្នុងទីក្រុងប៉ារីស៕