ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះល្វែងស្តុកគ្រឿងអេឡិចត្រូនិកបណ្ដាលឲ្យបុរសជាជនបរទេសម្នាក់ រងរបួស ខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ជិត១០ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះល្វែងស្តុកគ្រឿងអេឡិចត្រូនិកមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យបុរស ជាជនបរទេសម្នាក់ រងរបួស និងខូចខាតទ្រព្យសម្បត្តិអស់ប្រមាណជិត១០ម៉ឺនដុល្លារ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលេខ៤២Eo ផ្លូវលេខ៥ ក្នុងបុរីពិភពថ្មីផ្សារឈូកមាស ភូមិគ្រាំងអង្គ្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីស្ត្រីម្នាក់ ដែលត្រូវជាសាច់ញាតិរបស់ម្ចាស់ បានឲ្យដឹងថា ផ្ទះល្វែងនេះ គឺមានពីរនាក់ប្តីប្រពន្ធ បានជួលសម្រាប់ស្នាក់នៅ និងស្តុបគ្រឿងអេឡិចត្រូនិកជាច្រើន ។ នៅមុនពេលកើតហេតុប្តីប្រពន្ធបានចាក់សោទ្វារផ្ទះរួច ក៏បានឡើងទៅដេកនៅជាន់ឡៅតឿ ទាំងពីរនាក់ ។

លុះដល់ពេលកើតហេតុ ស្រាប់តែមានក្លិនឈ្ងៀម និងឃើញផ្សែងបានហុយ ចេញពីជាន់ផ្ទាល់ដី ដែលជាកន្លែងស្តុកគ្រឿងអេឡិចត្រូនិក ហើយកើតចេញ ជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញកន្លែងកើតហេតុ នាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកអន្តរាគមន៍ ។

ខណ:នោះ ប្រជាពលរដ្ឋក៏បាននាំគ្នាជួយទាញទុយយោទឹក និងបំពង់ពន្លត់ អគ្គិភ័យ យកទៅបាញ់ពន្លត់ ប៉ុន្តែដោយទ្វារផ្ទះកើតហេតុបានជាប់សោពីខាងក្នុង ទើបមិនអាចជួយពន្លត់បានទាន់ពេលវេលា។

ដោយទ្បែកប្តីប្រពន្ធជាម្ចាស់ផ្ទះ មិនអាចចេញមកតាមខាងក្រោមនោះទេ ព្រោះតែមានអណ្តាតភ្លើងបានឆាបឆេះខ្លាំងពេក ទើបនាំគ្នារត់ឡើង ទៅជាន់ខាងលើផ្លោះឆ្លងទៅផ្ទះ ដែលនៅជាប់នោះ បណ្តាលឲ្យបុរសជាប្តី រងរបួសរយះជើង ត្រូវបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យភ្លាមៗ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកអន្តរាគមន៍ និងបានវាយទម្លុះទ្វារចូលទៅបាញ់ទឹកពន្លត់ភ្លាមៗតែម្ដង ទើបអាចគ្រ​ប់គ្រងស្ថានការណ៍បានទាំងស្រុង ៕ ជ្រោយពេជ្រ


ចែករំលែក៖