ភ្នំពេញ៖ រូបសំណាកព្រះនាងគង្ហីងដែលស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោយពីធ្វើការផ្លាស់ប្តូរទីតាំងនិងស្ថាបនារួចរាល់ជាស្ថាពរនារសៀលនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានធ្វើពិធីអភិសេកជាផ្លូវការហើយ ដោយមានការចូលរួមពី លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និងលោកស្រី ព្រមទាំងមន្ត្រីក្រោមឱវាទមួយ ចំនួនទៀត។
រូបសំណាកនាងគង្ហីង ដែលពីមុននៅត្រង់រង្វង់មូលនាងគង្ហីង ហើយក្រោយមកដោយបញ្ហាចរាចរណ៍ បានរំកិលទៅដាក់នៅក្បែររបងវត្តព្រះពុទ្ធមានបុណ្យ ហើយក្រោយមកទៀត អាជ្ញាធររាជធានីភ្នំពេញ ប្តូរមកទីតាំងថ្មីមួយទៀតនៅក្បែរគ្នានោះ មកដល់ ពេលនេះ បានបញ្ចប់ជាស្ថាពរហើយ ដែលរូប សំ ណាកថ្មី និងទីតាំងថ្មីនេះ បានលើកសោភណ្ឌភាពរូប សំណាក់នាងគង្ហីង អោយខ្ពស់ជាង ស្ពានអាកាសថ្មើជើងដែលនៅក្បែរគ្នា ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរចរក៏ដូចជាការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចអោយមានការស្ថាបនា ស្ពានអាកាសថ្មើជើងនៅត្រង់ចំណុចរង្វង់មូលនាងគង្ហីង ។ប៉ុន្តែក្រោយពីការសាងសង់ស្ពានថ្មើរជើងនេះ បានធ្វើអោយរូបសំណាក់នាងគង្ហីងទាបជាងតួស្ពានទើប រដ្ឋបាលរាជធានីភ្នំពេញ សម្រេចអោយមានការកែសម្រួលឡើងវិញ ទាំង ពីកំពស់និងទីតាំង សំដៅធ្វើយ៉ាងណា ទាំងរូបសំណាកនាងគង្ហីងនិងស្ពានអាកាសថ្មើជើងត្រូវតែលេចឡើងជាមួយនិងសោភណ្ឌភាពស្រស់ស្អាត និងការគិតពីបញ្ហាលំហូរចរាចរណ៍ផងដែរ ធ្វើយ៉ាងណាកុំអោយមានការកកស្ទះ ព្រោះថា រង្វង់មូលនាងគង្ហីងនេះធ្លាប់ត្រូវបានកែសម្រូលចរាចរណ៍ជាច្រើនលើករួចមកហើយ។
លោក ពៅ ម៉េងហៃ អនុប្រធានមន្ទីរសាធារ ណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា រូបសំណាកនាងគង្ហីងដែលបានស្ថាបនាឡើងថ្មីនិងបានធ្វើពិធីអភិសេកជាផ្លូវការ នារសៀលនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានលក្ខណៈធំជាង ថ្មីជាងមុន ដោយមានកំពស់៧ម៉ែត្រ៤៧ បាតក្រោម៦ ម៉ែត្រ បាតក្រោមដល់រូបក្រពើកំពស់២ម៉ែត្រ៦១ ។ រូបសំណាកនាងគង្ហីង ត្រូវបានសាងសង់ឡើងពីថ្មភក់ នាំមកពីខេត្តព្រះវិហារ ដោយចាប់ផ្តើមសាងសង់ពីខែមេសាហើយបានបញ្ចប់នៅតែតុលា ២០១៩ ។
តាមប្រពៃណីទំនៀមទំលាប់របស់ខ្មែរយើង តែងតែប្រារព្វពិធីខាងលើនេះ ក្រោយពីបានសាងសង់សមិទ្ធិផលថ្មីណាមួយ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ចំរើនរុងរឿង ហើយសមិទ្ធិផលថ្មីមួយនេះ វាពិតជាបានរួមចំណែកលើកកំពស់ប្រពៃណី វប្បធម៏ជាតិនិងជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញផងដែរ៕ សំរិត