ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទៅលេងស្រុកកំណើត អកុសលត្រូវម៉ូតូសណ្ដោងរ៉ឺម៉កបុកពេញទំហឹងបណ្ដាលឲ្យស្លាប់កណ្ដាលផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង មិនប្រយ័ត្នរេចង្កូតទៅបុកជាមួយម៉ូតូហុងដាឌ្រីមមួយគ្រឿង ជិះដោយបុរសម្នាក់បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២០ និង ៣០នាទី ថ្ងៃទី៣០ ខែវិច្ចិកា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ព្រំ សុីដេត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរវិស្វករ មានស្រុកកំណើត ភូមិរលួស ឃុំតាំងយ៉ាប ស្រុកព្រែកកប្បាស ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង តាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរី ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CD-6123 ជិះដោយបុរសម្នាក់ទិសដៅបញ្ច្រាសគ្នាពីលិចទៅកើត ចំពីមុខពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូដួលបោកក្បាលស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ។ ចំណែកឯម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉កត្រូវបានប្រជាពលរដ្ឋ ឃាត់ខ្លួនរួចប្រគល់ជូនសមត្ថកិច្ចយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកកំពិសដើម្បីទុកប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូសណ្តោងរ៉ឺម៉ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ


ចែករំលែក៖