ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩នេះសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នាំយកនូវព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារ មហាឧបាសិកា ប៊ុន ស៊ាងលី ជា អ្នកឧកញ្ញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជូនដល់ មហាឧបាសិកា ដែលកំពុងសម្រាកព្យាបាលសុខភាព នាមន្ទីរពេទ្យកាល់ម៉ែត។
ឧបាសិកា ប៊ុន ស៊ាងលី ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារ ជា អ្នកឧកញ្ញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់យល់ មហាឧបាសិកា ប៊ុន ស៊ាងលី បានបរិច្ចាគកម្លាំងកាយ ចិត្ត និងទ្រព្យធនប្រកប ដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត បូជាចំពោះសង្គមជាតិ និងបានជួយកសាងសមិទ្ធផលនានា ជួយឧបត្ថម្ភដល់ជនក្រីក្រគ្មានទីពំនឹងទាំងឡាយ ប្រកបដោយមហា សប្បុរសធម៌ មនុស្សធម៌ដ៏ឧត្តុង្គឧត្តម នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ទ្រង់យល់ឃេីញទៀតថា មហា ឧបាសិកា ប៊ុន ស៊ាងលី បានប្រកាន់ខ្ជាប់ក្នុងសេចក្តីស្អាត វិសេសហ្មត់ហ្មង ឥតមន្ទិល សេចក្ដីបរិសុទ្ធក្នុងព្រះធម៌ បូជាចំពោះព្រះពុទ្ធសាសនា ។ ដូច្នេះទ្រង់ បានសម្រេចព្រះទ័យប្រោសព្រះរាជទានគោរមងារ មហាឧបាសិកា ប៊ុន ស៊ាងលីអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ៕ ជាយក្រុង