សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១ ខែធ្នូ បានដកស្រង់សម្តី អាជ្ញាធររុស្ស៊ី បានឲ្យដឹងថា មនុស្ស១៥នាក់ បានស្លាប់ និង១១នាក់ រងរបួសនៅក្នុងហេតុការណ៍រថយន្ដក្រុង មួយគ្រឿងជ្រុលចង្កូចធ្លាក់ពីលើស្ពានមួយកន្លែងមានកម្ពស់៦ម៉ែត្រ ស្ថិតនៅក្នុងតំបន់ Zabaykalsky Krai នៃភាគខាងកើតប្រទេស រុស្ស៊ី ។
ជាមួយគ្នានោះដែរ បើតាមរូបភាពបង្ហោះលើ Twitter គេឃើញរថយន្ដក្រុងមួយគ្រឿងរងការខូចខាត នៅលើទឹកន្លេ Kuenga ដែលកក ដោយសារព្រិលទឹកកក ខណៈរថយន្ដសង្រ្គោះបន្ទាន់ និងក្រុមអ្នកជួយសង្រ្គោះកំពុងធ្វើប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេ ។ ប៉ុន្តែ ភ្លាមៗមូលហេតុនៃគ្រោះថ្នាក់មិនទាន់ត្រូវបានបញ្ជាក់ឡើយ ដោយគ្រាន់តែគេដឹងថា រថយន្ដក្រុងខាងលើដឹកភ្ញៀវទេសចរណ៍ ៤៣នាក់ រួមទាំងអ្នកបើកបរ ពេលមានគ្រោះថ្នាក់កើតឡើង ក្នុងដំណើរផ្លូវពីទីក្រុង Sretensk ទីក្រុង Chita ស្ថិតនៅចំងាយ៦,៣២០គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងម៉ូស្គូ ។
ដោយឡែកនៅក្នុងប្រទេសទុយនេស៊ីវិញ រថយន្ដក្រុងបើកធ្លាក់ចំណោតភ្នំ ស្លាប់ និងរបួស៤៣នាក់ ។ រថយន្ដក្រុងមួយគ្រឿង កាលពីថ្ងៃទី១ ខែធ្នូ បានបើកធ្លាក់ចំណោតភ្នំ នៅក្នុងប្រទេសទុយនេស៊ី ដោយបានសម្លាប់មនុស្ស២៤នាក់ស្លាប់ និង១៨នាក់ផ្សេងទៀតរងរបួស ។
មន្រ្ដីប៉ូលិសទុយនេស៊ីបានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ រថយន្ដរងគ្រោះខាងលើ បានដឹកមនុស្សចំនួន៤៣នាក់ ដោយចេញដំណើរពីតំបន់ Tunis ក្នុងដំណើរឆ្ពោះទៅកាន់ទីក្រុង Ain Draham ។ ប៉ុន្ដែនៅពេលរថយន្ដបើកមកដល់ចំណោតភ្នំ នៃតំបន់ Ain Snoussi ក៏ជួបនឹងគ្រោះថ្នាក់ដ៏អាក្រក់បែបនេះតែម្ដងទៅ ។
មន្រ្ដីដដែល បានបន្ដថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ បានបណ្ដាលឲ្យមនុស្ស នៅក្នុងរថយន្ដចំនួន២៣នាក់ស្លាប់ និង១៨នាក់ផ្សេងទៀតរងរបួស ។ ជនរងគ្រោះទាំងនោះ ភាគច្រើន មានអាយុចន្លោះពី២០-៣០ឆ្នាំ ។ ដោយឡែកអ្នករងរបួស ត្រូវគេបញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុភ្លាមៗនោះ លោក Kais Saied ប្រធានាធិបតី និងលោក Youssef Chahed នាយករដ្ឋមន្រ្ដីទុយនេស៊ី ក៏បានទៅកាន់ទីនោះដែរ៕