ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីយោធាអ៊ីរ៉ាក់ ប្រឈមមុខនឹងផ្លូវច្បាប់ពីបទបាញ់សម្លាប់បាតុករ

ចែករំលែក៖

ស្ថានភាពនយោបាយសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់ប្រែប្រួលយ៉ាងខ្លាំង ក្រោយពេលសភាអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោកAbdul Mahdi ដើម្បីជ្រើសមេដឹកនាំថ្មីរបស់ប្រទេសនេះ និងស្វែងរកដំណោះស្រាយបញ្ហាបាតុកម្ម ដែលកំពុងតែពុះកញ្ជ្រោល នៅពាសពេញប្រទេសអ៊ីរ៉ាក់ ។

ជាមួយគ្នានេះ តុលាការអ៊ីរ៉ាក់ កាលពីថ្ងៃទី១ ខែធ្នូ បានចេញដីកា ចាប់ខ្លួនឧត្តមសេនីយ៍យោធាម្នាក់ ជាប់ពាក់ព័ន្ធនឹងការសម្លាប់​ក្រុមអ្នកតវ៉ា នៅភាគខាងត្បូងទីក្រុង Nasiriyah កាលពីសប្ដាហ៍មុន ។

ក្រុមប្រឹក្សាយុត្ដិធម៌ជាន់ខ្ពស់អ៊ីរ៉ាក់ បាននិយាយថា ចៅក្រម នៅភាគខាងត្បូងខេត្ត Dhi Qar បានចេញដីកា ចាប់ខ្លួនលោកឧត្តមសេនីយ៍ Jamil Al Shammari ហើយនិងដាក់បម្រាមដល់គាត់ មិនឲ្យចាកចេញពីប្រទេសអអ៊ីរ៉ាក់ ។ ការចេញដីកាបែបនេះ ដោយសារតុលាការ រកឃើញថា លោកឧត្ដមសេនីយ៍ Al Shammari បានចេញបញ្ជានាំឲ្យមានការសម្លាប់ក្រុមបាតុករ នៅក្នុងខេត្ត Dhi Qar នេះ ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន The National បានផ្សាយថា​ នេះជាលើកទី១ហើយ ដែលតុលាការ​របស់ប្រទេសអ៊ីរ៉ាក់ ចាត់ការទៅលើមេដឹកនាំយោធា ពាក់ព័ន្ធនឹងការបង្រ្កាបយ៉ាងឃោរឃៅទៅលើក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលបានបណ្ដាលឲ្យមនុស្សជាង៤០០នាក់ស្លាប់ នឹងជាង១ម៉ឺននាក់ ផ្សេងទៀតរងរបួស គិតចាប់តាំងពីការផ្ទុះបាតុកម្ម នៅថ្ងៃទី១ ខែតុលា កន្លងមកនេះ ។

លោកឧត្ដមសេនីយ៍ Al Shammari បានដឹកនាំកងកម្លាំងរបស់ខ្លួន បង្រ្កាបទៅលើក្រុមអ្នកតវ៉ា នៅកណ្ដាលទីក្រុង Nasiriyah និង Dhi Qar កាលពីសប្ដាហ៍មុន ដោយបានសម្លាប់មនុស្សរាប់សិបនាក់ និងជាង២០០នាក់រងរបួស ។ លោក Adel Abdul Mahdi នាយករដ្ឋមន្រ្ដីអ៊ីរ៉ាក់ បានបញ្ជូនលោកឧត្ដមសេនីយ៍ទៅកាន់ទីក្រុង Nasiriyah ដើម្បីរៀបចំសន្ដិសុខ និងស្ដារសណ្ដាប់ធ្នាប់ឡើងវិញ ។ ប៉ុន្ដែបន្ទាប់ពីមានការសម្លាប់ក្រុមបាតុករវ័យក្មេងយ៉ាងច្រើននោះមក ទើបនាយករដ្ឋមន្រ្ដីអ៊ីរ៉ាក់ បានប្រកាស​លាលែង​ពីតំណែង៕


ចែករំលែក៖