ក្រុមបាតុករជ្រុលនិយមនៅហុងកុង បានវាយប្រហារបំផ្លាញហាងលក់ទំនិញជាច្រើននៅកោះហុងកុងនៅដើមខែធ្នូនេះ ។ ហាងលក់ទំនិញ ដែលក្រុមបាតុករវាយប្រហារបំផ្លាញនោះ គឺជាហាងលក់ទំនិញស្និទ្ធនឹងចិនដីគោក ។
ក្រុមបាតុករពាក់ម៉ាស់ បានវាយប្រហារហាងលក់ទំនិញនៅតំបន់ Whampoa ជាតំបន់ដែលមានជនជាតិចិនដីគោក ភាគច្រើនរស់នៅ ។ ហាងលក់ទំនិញជាច្រើនរងការបំផ្លាញដោយ ដោយសារហាងខ្លះរងការគប់គ្រាប់បែកសាំង ។ កម្លាំងសន្តិសុខដែលទៅរារាំងបាតុករ ក៏រងការគប់គ្រាប់បែកសាំងផងដែរ ។
ក្រោយរយៈពេលស្ងប់ស្ងាត់ជាង១សប្តាហ៍ កន្លងមក ពលរដ្ឋកោះហុងកុង រាប់ពាន់នាក់ភាគច្រើនជាក្រុមយុវជន បានប្រមូលផ្តុំគ្នា នៅតំបន់កំពង់ផែ Victoria របស់ហុងកុង ។ តាមសារព័ត៌មាន AP គោលដៅនៃការធ្វើបាតុកម្មលើកនេះគឺជាការដាក់គំនាប ទៅលើរដ្ឋាភិបាល ក្រោយពេលក្រុមប្រជាធិបតេយ្យទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតសង្កាត់ កាលពីសប្តាហ៍កន្លងមកថ្មីៗ ។
បុគ្គលិក នៅក្នុងហាងកល់ទំនិញបានលើកឡើងថា ក្រុមបាតុករ បានសម្រុកចូលហាងលក់ទំនិញបំផ្លាញ នៅវេលាម៉ោង៨យប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ។ ជាមួយគ្នានោះក្រុមហ៊ុន MTR ត្រូវបិទទ្វារស្ថានីយរថភ្លើង Whampoa ។ ក្រុមបាតុករជ្រុលនិយមធ្វើឲ្យខូចភ្លើងសញ្ញាចរាចរណ៍ ។
បាតុកម្មនេះបានអូសបន្លាយ តាំងពីខែមិថុនា ឆ្នាំ២០១៩ រហូតមកទល់នឹងពេលនេះ បានធ្វើឲ្យការិយាល័យរដ្ឋាភិបាល បណ្តាក្រុមហ៊ុន សាលារៀន រហូតអាកាសយានដ្ឋានត្រូវបិទទ្វារ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ។ កាលពីសប្តាហ៍កន្លងមកមានបាតុករ១១០០នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបាតុកម្ម ។
បាតុកម្មតវ៉ាលាយឡំជាមួយអំពើហិង្សា ប្រឆាំងរដ្ឋាភិបាលលោកស្រី Carrie Lam និងទីក្រុងប៉េកាំង ដឹកនាំដោយ ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ក្នុងរយៈពេលច្រើនជាង៦ខែមកនេះ បាននិងកំពុងបំផ្លាញសេដ្ឋកិច្ច សណ្ដាប់ធ្នាប់ សន្តិសុខ និងជីវិភាពរស់នៅរបស់ប្រជាជនហុងកុងយ៉ាងខ្លាំង ។ រីឯចិននៅតែរក្សាការអត់ធ្មត់ ដោយមិនព្រមធ្វើអន្តរាគមន៍ឡើយ បើទោះជាខ្លួនបានដាក់ពង្រាយកងទ័ពនៅជាប់ព្រំដែនទីក្រុងហុងកុងក៏ដោយ ។
ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ បានដឹកនាំការធ្វើបាតុកម្មតវ៉ា តាំងតែពីខែមិថុនា ឆ្នាំ២០១៩មកម្ល៉េះ ក្នុងគោលដៅប្រឆាំង និងទាមទារឲ្យរដ្ឋាភិបាលទីក្រុងហុងកុង លុបចោលសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក ដោយចោទថាច្បាប់នេះមានគោលដៅលើសកម្មជនប្រឆាំង និងបំផ្លាញដល់ឯករាជ្យភាព នៃប្រព័ន្ធយុត្តិធម៌របស់ទីក្រុងហុងកុង ។ សេចក្ដីព្រាងច្បាប់នេះត្រូវបានលុបចោលទាំងស្រុងកាលពីខែកញ្ញាកន្លងទៅតាមការស្នើសុំ ប៉ុន្តែក្រុមបាតុករ បានអះអាងថាវាយឺតពេលទៅហើយ ដោយនៅតែបន្តធ្វើបាតុកម្មតវ៉ាមកទល់សព្វថ្ងៃ ជាមួយការទាមទារនៅសំណើបន្ថែមក្នុងនោះមានដូចជា៖
* បញ្ឈប់ការចាត់ទុកបាតុកម្មតវ៉ាមានលក្ខណៈជាកុបកម្ម
* លើកលែងទោសដល់បាតុករដែលអាជ្ញាធរចាប់ខ្លួន
* បើកការស៊ើបអង្កេតដោយឯករាជ្យលើអំពើហិង្សាប្រព្រឹត្តឡើងដោយប៉ូលិស
* អនុវត្តឲ្យបានពេញលេញនូវការបោះឆ្នោតសកល ខណៈបាតុករខ្លះបន្ថែមការទាមទារឲ្យលោកស្រី Carrie Lam លាលែងចេញពីតំណែងជានាយកប្រតិបត្តិក្រុងហុងកុង ដោយចោទថា លោកស្រីជា «អាយ៉ង» របស់ទីក្រុងប៉េកាំង ។
ក្រុមអ្នកជំនាញមួយចំនួនយល់ថា រដ្ឋាភិបាលទីក្រុងហុងកុង ជាពិសេសគឺទីក្រុងប៉េកាំងទំនងជានឹងមិនផ្ដល់សម្បទានណាមួយបន្ថែមទៀត ឲ្យក្រុមបាតុករនោះទេ ពីព្រោះពួកគេព្រួយបារម្ភខ្លាចក្រែងបាតុករកាន់តែបន្ថែមការទាមទារ និងមានទម្លាប់អាក្រក់ដោយយកការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដើម្បីចង់បានអ្វីមួយ ឬក៏រហូតដល់ចង់បានឯករាជ្យពីចិន នៅថ្ងៃណាមួយក៏ថាបាន ។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ទីក្រុងប៉េកាំង ក៏នៅតែបន្តរក្សាការអត់ធ្មត់ខ្ពស់ផងដែរ បើទោះជាខ្លួនបាន ដាក់ពង្រាយកងទ័ពទៅកាន់ទីក្រុង Shenzhen ដែលស្ថិតនៅជាប់ភូមិផងរបងជាមួយហុងកុង ស្របពេលស្ថានការណ៍បច្ចុប្បន្នកាន់តែអាក្រក់ឡើង ។
ខណៈដែលបាតុកម្ម និងអំពើហិង្សាផ្ទុះឡើងកាន់តែខ្លាំង ចិនត្រូវបានគេរាយការណ៍ថាបានដាក់ពង្រាយកងទ័ពទៅកាន់ទីក្រុង Shenzhen ដែលស្ថិតនៅជាប់ភូមិផងរបងជាមួយទីក្រុងហុងកុង ដើម្បីត្រៀមធ្វើអន្តរាគមន៍ ។ តែយ៉ាងណានេះក្ដី ចិនមិនបានបញ្ជូនកងទ័ពចូលក្នុងទីក្រុងហុងកុងនោះទេ រីឯថ្នាក់ដឹកនាំកំពូលចិន ក៏មិនបានចេញសារព្រមានធ្ងន់ៗជាសាធារណៈអ្វីប្រឆាំងនឹង ក្រុមបាតុករនោះដែរ ដោយសុខចិត្តបន្តអត់ធ្មត់ ។
ការអត់ធ្មត់របស់ចិន ត្រូវបានក្រុមអ្នកជំនាញមួយចំនួនយល់ថា ដោយសារតែចិនខា្លចលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក មានលេសថ្កោលទោស ឬដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងចិន ដែលអាចនឹងបំផ្លាញដល់តួនាទីរបស់ទីក្រុងហុងកុង ក្នុងនាមជា មជ្ឈមណ្ឌលហិរញ្ញវត្ថុ ព្រមទាំងបាត់បង់ការអនុគ្រោះពាណិជ្ជកម្មពិសេស ក្នុងករណីដែលទីក្រុងប៉េកាំង ប្រើប្រាស់កម្លាំងយោធាបង្ក្រាបលើក្រុមបាតុករ ដើម្បីបិទបញ្ចប់វិបត្តិ ។ ប៉ុន្តែបើតាមលោក Zhang Lin ជាអ្នកជំនាញម្នាក់ប្រចាំទីក្រុងប៉េកាំង ចិនអត់ធ្មត់មិនធ្វើអន្តរាគមន៍ដោយទុកឲ្យវិបត្តិ, អំពើហិង្សា និងអសណ្ដាប់ធ្នាប់កើតឡើង ពីព្រោះខ្លួនចង់ផ្ដល់មេរៀនខ្លះៗដល់ប្រជាជនហុងកុង ដែលមានទំនោរទៅរក ឬគាំទ្រលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក ។
លោក Zhang Lin កត់សម្គាល់បែបនេះ បន្ទាប់ពីក្រុមមន្ត្រីចិនលើកឡើងនូវផែនការយកទីក្រុង Shenzhen មកជំនួសទីក្រុង ហុងកុង ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ។ លោក Zhang បន្ថែមទៀតថា ចិនចង់យកជោគជ័យរបស់ទីក្រុង Shenzhen បង្ហាញ ក៏ដូចជាដាក់សម្ពាធលើទីក្រុងហុងកុង ព្រមទាំងរំលឹកប្រជាជនហុងកុងទាំងមូលថា បើចង់បានផលប្រយោជន៍ និងការរីកចម្រើន គឺត្រូវតែនៅជាមួយចិន ហើយបើសិនជាចង់បានប្រជាធិបតេយ្យបែបលោកខាងលិច ឬក៏ចង់ផ្ដាច់ខ្លួនពីចិនដីគោក គឺមានតែជួបលទ្ធផលដូចសព្វថ្ងៃតែប៉ុណ្ណោះ ។
អតីតមេដឹកនាំ និងជាបិតាស្ថាបនិកសេដ្ឋកិច្ចចិន លោក តេង ស៊ាវពីង (Deng Xiaoping) បានចាត់ទុកទីក្រុង Shenzhen ជាតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយរបស់ចិន នៅដើមឆ្នាំ១៩៨០ ហើយឥឡូវទីក្រុងមួយនេះពិតជាមានសេដ្ឋកិច្ចកាន់តែរីកធំឡើង ដោយក្រុមហ៊ុនបច្ចេកវិទ្យារីកដូចផ្សិត ។ តែប្រធានសភាពាណិជ្ជកម្មខ្នាតតូច និងមធ្យមក្រុងហុងកុង លោក Joe Chau Kwok-ming បានលើកឡើងថា លោកមើលមិនឃើញទាល់តែសោះថា តើទីក្រុង Shenzhen អាចជំនួសទីក្រុងហុងកុង បានយ៉ាងមេចទៅ?
លោក Chau បានបញ្ជាក់ដូច្នេះថា៖ «ហុងកុង ដើរតាមប្រព័ន្ធច្បាប់ Common law ដែលភ្ជាប់ខ្លួនជាមួយស្ដង់ដារអន្តរជាតិ និងទទួលស្គាល់ជាសកលសម្រាប់ការអនុវត្តពាណិជ្ជកម្ម…ដូច្នេះបើទោះជាទីក្រុង Shenzhen ត្រូវបានធ្វើកំណែទម្រង់ គោលនយោបាយថ្មីៗជាច្រើនក៏ដោយ ក៏ទីក្រុងមួយនេះនៅតែអនុវត្តតាមប្រព័ន្ធច្បាប់របស់ចិន ដែលមិនស្របទៅនឹងការចង់បានពីអន្តរជាតិ ។ លើសពីនេះទៅទៀត ដើម្បីទទួលបានការអនុគ្រោះពិសេស និងតួនាទីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ទីក្រុងហុងកុង បានប្រកាន់ភ្ជាប់នូវ «ប្រទេសមួយប្រព័ន្ធពីរ» ដោយមានការគោរពសិទ្ធិមនុស្ស ប្រជាធិតេយ្យ និងសេរីភាពសារព័ត៌មាន ដែលនេះគឺជាបញ្ហាដ៏ធំមួយថា តើចិនអាចឲ្យ Shenzhen ក្លាយជាហុងកុងទី២ ដែរទេ?»៕