ភ្នំពេញ៖ ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍០១ ធ្នូ កម្ពុជាបានប្រារព្វរៀបចំកម្មវិធីដើម្បីផ្សព្វផ្សាយ ដែលក្នុងនោះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអំពាវនាវឲ្យយុវជនត្រូវបង្កើនការចូលរួមទប់ស្កាត់ជំងឺអេដស៍ឲ្យបានខ្លាំងក្លាថែមទៀត ខណៈបច្ចុប្បន្នក្រុមនេះកំពុងប្រឈមមុខខ្ពស់ចំពោះជំងឺអេដស៍គួរឲ្យព្រួយបារម្ភ ។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍០១ធ្នូនៅមជ្ឈមណ្ឌលកោះពេជ្រដែលរៀបចំឡើងដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ។
អគ្គលេខាធិកាអាជ្ញាធរជាតិប្រយុទ្ធនឹងជំ ងឺអេដស៍លោកឈឹម ឃិនដារ៉េត បានមានប្រសាសន៍ថាប្រទេសកម្ពុជាបានកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃអ្នកផ្ទុកមេរោគអេដស៍គួរឲ្យកត់សំគាល់ធ្លាក់ពី២ភាគនៅឆ្នាំ២០០៨មកនៅត្រឹម០.៦ភាគរយនៅឆ្នាំ២០១៩នេះពោលគឺបច្ចុប្បន្ននេះមានអ្នករ ស់នៅជាមួយមេរោគអេដស៍ប្រមាណ៧៣០០០នាក់ក្នុងនោះមានអ្នកផ្ទុកប្រមាណ៦០០០០នាក់បានទទួលការព្យាបាលឱសថប្រឆាំងមេរោគអេដស៍ ។
លោកបានបន្តថាបើទោះបីជាកម្ពុជាបានកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃអ្នកផ្ទុកជំងឺអេដស៍យ៉ាងណាក៏ដោយក៏បច្ចុប្បន្នជំងឺនេះក៏កំពុងតែយាយីទៅលើក្រុមប្រឈមមួយចំនួនគួរឲ្យព្រួយបារម្ភផងដែរដែលក្រុមទាំងនោះរួមមានក្រុមបុរសស្រលាញ់បុរស ក្រុមក្លែងភេទ ក្រុមស្ត្រីបម្រើសេវាកំសាន្តសប្បាយ ក្រុមប្រើប្រាស់គ្រឿងញៀន ក្រុមយុវវ័យនិងក្រុមចំណាកស្រុកជាដើម ។ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺអេដស៍ឲ្យបានកាន់តែធ្លាក់ចុះបន្ថែមទៀតនោះលោកបានណែនាំដល់យុវជនកុំប្រញាប់ក្នុងការប្រឡូករួមភេទត្រូវយកពេលវេលាដ៏មានតម្លៃទៅខិតខំការសិក្សាដើម្បីកសាងអនាគតឲ្យបានភ្លឺស្វាង ។ ត្រូវសិក្សាស្វែងយល់និងចំណេះដឹងទាក់ទិននឹងសុខភាពបន្តពូជដើម្បីការពារខ្លួនកុំឲ្យឆ្លងជំងឺអេដស៍និងជំងឺផ្សេងៗទៀតតាមរយៈការរួមភេទ ។ ជាងនេះទៅទៀតយុវជនកុំប្រញាប់ទទួលទានគ្រឿងស្រវឹងព្រោះវាធ្វើឲ្យយើងភ្លើតភ្លឺននិងមានការធ្វេសប្រហែសដែលអាចប្រឈមនឹងការឆ្លងមេរោគអេដស៍ ។
លោកស្រី វេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានមានប្រសាសន៍ថាអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាពិសេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើរស្បែកនិងកាមរោគនិងអង្គការដៃគូនានាបានផ្សព្វផ្សាយនិងរៀបចំកម្មវិធីផ្សេងៗដើម្បីបញ្ជ្រាបចំណេះដឹងទាក់ទិននឹងជំងឺអេដស៍នេះដល់ប្រជាពលរដ្ឋពិសេសប្រជាពលរដ្ឋនៅតាមសហគមន៍បានយល់ដឹងនិងចូលរួមទប់ស្កាត់ការចំលងមេរោគអេដស៍នៅតាមសហគមន៍ ។ លោកស្រីវេជ្ជបណ្ឌិតបានបន្តទៀតថាជាក់ស្តែងនៅក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍០១ធ្នូអង្គការបានរៀបចំកម្មវិធីជាច្រើនដូចជាសន្និសីទសារព័ត៌មាន ការប្រគំតន្ត្រីដោយកំពូលតារាចម្រៀងល្បីៗ ការដង្ហែរក្បួនឃោសនាការប្តេជ្ញាប្រយុទ្ធនឹងជំងឺអេដស៍ ការធ្វើតេស្តឈាមរកមេរោគអេដស៍និងការចែកស្រោមអនាម័យដោយឥតគិតថ្លៃជាដើម ដើម្បីទាក់ទាញឲ្យសាធារណជនបន្តការយកចិត្តទុកដាក់ពីបញ្ហាអេដស៍ ។
យោងតាមស្ថិតិចុងក្រោយរបស់អង្គការ UNAIDS មានមនុស្សចំនួន ៣៧.៩លាននាក់នៅជុំវិញពិភពលោកកំពុងរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ ហើយសម្រាប់ឆ្នាំ២០១៨ មានមនុស្សប្រមាណ ១.៧លាននាក់បានឆ្លងមេរោគអេដស៍ថ្មី និង ៧៧ម៉ឺននាក់ បានស្លាប់ដោយសារជំងឺផ្សេងៗដែលពាក់ព័ន្ធនឹងជំងឺអេដស៍ ។ ក្នុងពេលបច្ចុប្បន្ន ខណៈពេលដែលមនុស្សរាប់លានកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ គឺមានមនុស្សរាប់លាននាក់ផ្សេងទៀតកំពុងត្រូវការជួយសង្គ្រោះជាបន្ទាន់ផងដែរ៕ វឌ្ឍនា