ព័ត៌មានទាន់ហេតុការណ៍៖

អាសូរណាស់កាន់ធុងទៅរកបាចត្រី គោមេផ្អើលជល់ហើយជាន់រហូតដល់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសចំណាស់ម្នាក់បានស្លាប់គួរឲ្យអាសូរ បន្ទាប់ពីគោមេដែលមានកូនមួយក្បាលជល់ហើយជាន់រហូតដលស្លាប់ ខណៈបុរសរងគ្រោះកាន់ធុងដើរទៅរកបាចត្រី ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

ហេតុការណ៍ដ៏កម្រនេះ កើតឡើងកាលពីថ្ងៃច័ន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៤និង០៥នាទី ស្ថិតក្នុងភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះឈ្មោះ ម៉ៅ ហេង ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

ប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានកាន់ធុងប៉េត្រូ ទៅរកប៉ាចត្រីនៅខាងក្រោយផ្ទះរបស់អ្នកភូមិមួយរូប ឈ្មោះជួន នាង ពេលដើរដល់ចំណុចកើតហេតុ ក៏មានគោញីកូនតូចមួយដែលម្ចាស់វាចងនៅក្នុងស្រែ ក៏បានស្ទុះមកជល់និងជាន់ទៅលើជនរងគ្រោះបណ្ដាលឲរងរបួសយ៉ាងធ្ងន់ ។

ប្រភពបន្តថា ក្រោយកើតហេតុក្រុមគ្រួសានិងអ្នកភូមិបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានស្លាប់បន្ទាប់ពីលើកដាក់លើគោយន្ដបម្រុងដឹកយកទៅពេទ្យ ។

ចំណោះករណីដោយកម្រនេះ សមត្ថកិច្ចជំនាញ និងនគរបាលប៉ុស្តិ៍សង្កែសាទបបានអនុវត្តន៍ត្រួតពិនិត្យតាមនិតិវិធី និងបានប្រគល់សពឲ្យក្រុមគ្រួសារទទួលរៀបចំធ្វើបុណ្យតាមប្រពៃណី ក្រោយពេលបំពេញបែបបទតាមនីតិវិធីរួចមក ៕ សេនាស័ក្តិ


ចែករំលែក៖