ភ្នំពេញៈ នៅសាលប្រជុំក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីដឹកនាំបើកកិច្ចប្រជុំបូកសរុប វាយតម្លៃ និងលើកទិសដៅការងារ វិស័យធនធានទឹក និងឧតុនិយម ដោយមានការឡើងធ្វើបទបង្ហាញពីគ្រប់បណ្តាមន្ទីរធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំទទួលបន្ទុកតាមមុខព្រួញរាជធានី-ខេត្ត ។
កិច្ចប្រជុំប្រព្រឹត្តទៅរយៈពេល ០២ ថ្ងៃ ពីថ្ងៃទី ៣-៤ ខែធ្នូ ឆ្នាំ ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ។
ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ក្នុងគោលបំណង ទី ១- ធ្វើការត្រួតពិនិត្យស្ថានភាពពាក់ព័ន្ធនឹងទឹក ទាំងទឹកភ្លៀង និងទឹកទន្លេ ពីបរិមាណ និងពេលវេលា ដោយធ្វើការប្រៀបធៀបឆ្នាំចាស់ និងមធ្យមភាគច្រើនឆ្នាំ, ទី ២- ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ ២០១៩ តើមានការខូចខាត និងប៉ះពាល់ប៉ុន្មាន នៅទីតាំងណាខ្លះ និងការងារបង្កបង្កើនផលស្រូវប្រាំងឆ្នាំ ២០១៩-២០២០ ដោយពិនិត្យលើស្ថានភាពទឹកជាក់ស្តែង និងមានវិធានការយ៉ាងណានៅពេលជួបការខ្វះខាតទឹក, ទី ៣- បណ្តាវិធានការដែលក្រសួងបាន និងកំពុងអនុវត្តនាពេលកន្លងមក, ទី ៤- មូលហេតុអ្វីបានជាបណ្តារាជធានី ខេត្តមួយចំនួនផ្ទៃដីបង្កបង្កើនផល ត្រូវបានបាត់បង់ ឬរួមតូច បណ្តាលមកពីអ្វី? និងទី ៥- ការត្រួតពិនិត្យលំអិតបន្ថែមពាក់ព័ន្ធនឹងការរៀបចំនូវផែនទី ស្តីពីទឹកជំនន់ (Flood Mapping) ៕ សុខខេមរា