ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលស្រុកពួកបានឲ្យដឹងថា កាលពីអំឡុងម៉ោងប្រមាណ១៦:០០នាទីល្ងាច ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ មានមនុស្សប្រុសស្រីក្មេងចាស់ចំនួន២៨នាក់ ដែលមានអាយុចាប់ពី០៥ឆ្នាំ ដល់អាយុ៦៨ឆ្នាំ នៅពីរឃុំក្នុងស្រុកពួក គឺឃុំពួក និងឃុំខ្នាតកើតមានអការពុលត្រីប្រៃកំពិស តែមិនធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតនោះទេ ក្នុងនោះនៅក្នុងឃុំពួកមានចំនួន ២១នាក់ រួមមាន៖ នៅភូមិប្រយុទ្ធចំនួន១៣នាក់ ក្នុងនោះមានស្រី០៦នាក់ , ភូមិគោកស្រុក០៥នាក់ ស្រីទាំងអស់ , ភូមិកំពង់តាយ៉ងចំនួន០១នាក់ និង ភូមិចំបក់ហែចំនួន០២នាក់ ប្រុសម្នាក់ ស្រី០១នាក់ និង ភូមិគោកត្រាច ក្នុងឃុំខ្នាត ចំនួន០៧នាក់ ក្នុងនោះស្រីចំនួន០៣នាក់។
សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា បន្ទាប់ពីប្រជាពលរដ្ឋបានទិញត្រីប្រៃកំពិស ទៅធ្វើម្ហូបហូបជាមួយបាយ និង ក្រោយការហូបត្រីប្រៃកំពិសមក ក៏កើតមានអការពុលក្អួតចង្អោរ ក៏បានបញ្ជូនទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប , មន្ទីរពេទ្យបង្អែកពួក , មណ្ឌលសុខភាពទឹកវិល , មណ្ឌលសុខភាពខ្នាត , នៅគ្លីនិចឯកជន និង អ្នកជំងឺមួយចំនួនបានសម្រាកព្យាបាលនៅផ្ទះរបស់ខ្លួន។
សមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថា អ្នកផលិតត្រីប្រៃកំពិស មានឈ្មោះ ប៊ូ នឿម ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិគោកជួន ឃុំពួក ស្រុកពួក ជាអ្នកធ្វើត្រីប្រៃលក់ផ្សារពួកជាអចិន្ត្រៃយ៍ ហើយករណីនេះ សមត្ថកិច្ច និង ជំនាញ កំពុងធ្វើការស្រាវជ្រាវបន្តទៀត ៕ ប៊ុនរិទ្ធី