ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យម្នាក់ករណី រំលោភសេពសន្ធវៈ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនករណី រំលោភសេពសន្ធវៈ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០និង០០នាទី នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលជាន់ទី១ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ខ្វាន់ ធន់ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ កំពុងសាងសង់ ផ្លូវបេតុង ភូមិគោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ចំណែកនារីរងគ្រោះ អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានហៅជនសង្ស័យឲ្យជួយមកវាយសោបន្ទប់ជួល ហើយជនសង្យ័យបានធ្វើសកម្មភាពរំលោភជនរងគ្រោះបានសម្រេចតែម្តង ។

យោងតាមចម្លើយរបស់ជនរងគ្រោះបានឲ្យដឹងថា រូបគាត់ និងជនរងគ្រោះធ្លាប់ស្គាល់គ្នា និងជួលបន្ទប់ជិតគ្នាហើយនៅថ្ងៃកើតហេតុ ជនរងគ្រោះបានហៅរូបគាត់ឲ្យមកជួយវាយសោបន្ទប់ ក្រោយមករូបគាត់ និងជនរងគ្រោះបានព្រមព្រៀងជាមួយគ្នាឈានដល់ការរួមភេទបានសម្រេចដល់ទៅ៣ដងក្នុងយប់នោះ ក្រោយមកស្រាប់ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនគាត់ ដោយចោទថា គាត់រំលោភនាងទៅវិញ ។

បច្ចុប្បន្ន សង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ៕ ចន្ទ លីហ្សា


ចែករំលែក៖