ព័ត៌មានទាន់ហេតុការណ៍៖

ប្រុងឆ្កឹះសោផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិ ត្រូវកម្លាំងល្បាតប្រទះឃើញចាប់ឃាត់ខ្លួនរកឃើញឧបករណ៍ឆ្កឹះសោមួយឈុត

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ប្រុងធ្វើសកម្មភាពឆ្កឹះសោផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិ តែត្រូវកម្លាំងល្បាតប្រទះឃើញក៏ឃាត់ខ្លួនឆែកឆេរជាក់ស្តែង ស្រាប់តែឃើញឧបករណ៍សម្រាប់ឆ្កឹះសោមួយឈុត ក៏នាំខ្លួនយកសាកសួរ និងចាត់ការតាមច្បាប់ ។

ករណីឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង១ និង៣០ នាទីរំលងអធ្រាត្រ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុង ក្រុមទី៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីលោកអនុសេនីយឯក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ បានឲ្យដឹងថា កម្លាំងល្បាតសហប៉ុស្តិ៍ និងកម្លាំងប្រជាការពារសង្កាត់ បានចុះល្បាតក្នុងមូលដ្ឋានដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក៏បានឃាត់ជនសង្ស័យចំនួន២នាក់ ពីបទប៉ុនប៉ងលួច ដោយជនសង្ស័យទី១ ឈ្មោះ ឃួន ពន្លក ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន) និងទី២ឈ្មោះ ឡាវ វ៉ាន់ឌី ភេទប្រុស ហៅហាប់ អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ប្រើប្រាស់គ្រឿងញៀន)។

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវបន្តថា ចំណែកសម្ភារដកហូតមាន៖ ដែកលួសកែច្នៃ (ឧបករណ៍ សម្រាប់ឆ្កឹះសោ)ចំនួន ២ ; សោលេខ ១២ ចំនួន ១ ; ដែកស្រួចមុខពីរ ដងឈើចំនួន ១ ;ទូរស័ព្ទដៃ ២គ្រឿង ម៉ាក Camfone ពណ៌ខ្មៅមួយគ្រឿង និងម៉ាក Sintel ពណ៌ទឹកសមុទ្រមួយគ្រឿង ; ម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ពណ៌ខៀវស្រាល ពាក់ស្លាកលេខ ភ្នំពេញ1GP-6384 ។

ប្រភពដដែលបន្តទៀតថា មុនពេលឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងល្បាតសហប៉ុស្តិ៍ បានឃើញជនសង្ស័យ២នាក់ ឈប់ម៉ូតូនៅមុខផ្ទះរបស់ប្រជាពលរដ្ឋ ដោយជនសង្ស័យឈ្មោះ ឡាវ វ៉ាន់ឌី អង្គុយលើម៉ូតូ ចំណែកឯជនសង្ស័យឈ្មោះ ឃួន ពន្លក កំពុងឈររេរាដោយដៃមានកាន់ឧបករណ៍ឆ្កឹះសោ នៅមុខផ្ទះប្រជាពលរដ្ឋ ឃើញដូចនោះសមត្ថកិច្ច បានឃាត់យកមកសាកសួរ ជនសង្ស័យទាំង ២ បានសារភាពថា ពួកគេពិតជាមានបំណងចេញធ្វើសកម្មភាពឆ្កឹះសោផ្ទះពលរដ្ឋ ដើម្បីលួចទ្រព្យសម្បត្តិប្រាកដមែន ។

ក្រោយកើតហេតុកម្លាំងផ្នែកជំនាញខណ្ឌប៉ុស្តិ៍សាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ អារុណរះ


ចែករំលែក៖