ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ លោកអ៊ូ សុខឿន ប្រធានមន្ទីរការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈខេត្តស្វាយរៀងបានឲ្យដឹងថា ករណីកម្មករ កម្មការិនី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង នៅរោងចក្រយូលី មន្ត្រី និងតំណាងកម្មករ និងថៅកែរោងចក្របានប្រជុំគ្នារកដំណោះស្រាយបានហើយនៅលក្ខខណ្ឌចំនួន០៦ចំណុច ។
ប្រភពបន្តថា នៅថ្ងៃនេះ កម្មករក៏បានចូលបម្រើការងារវិញដូចធម្មតាមិនមានសភាពការណ៏អ្វីកើតឡើងនោះទេ ។
គួរបញ្ជាក់ថា នៅវេលាម៉ោង៨ និង៥០នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង រោងចក្រយូលីដែលមានកម្មករសរុបចំនួន៦០១២នាក់ ស្រី៥១៣៧នាក់ ដោយឡែកនៅអគារ០៨ មានកម្មករចំនួន៩៩៣នាក់ ស្រី៩១៨នាក់ បាននាំគ្នាធ្វើកូដកម្មកតវ៉ាទាមទារលក្ខខណ្ឌការងារចំនួន០៦ចំណុច ។
សមត្ថកិច្ចបានឲ្យដឹងថាៈ ក្រុមកម្មករបាននាំគ្នាទាមទារនូវលក្ខខណ្ឌចំនួន៦ចំណុចមាន:
១ / ស្នើសុំឲ្យក្រុមហ៊ុនរក្សាតួនាទីប្រធានម៉ាស៊ីន ពុំ សុម៉ាល័យ និងស្នើឲ្យលោក ពុំ សុម៉ាល័យ ចូលបម្រើការងារនៅអាគារ៨ដូចមុនវិញ
២ / សុំឲ្យក្រុមហ៊ុនពិនិត្យមើលលទ្ធភាពរបស់កម្មករនិយោជិតមុននឹងកំណត់ចំនួនផលិតផល និងសុំកុំឲ្យមានការព្រមានចំពោះកម្មករនិយោជិតណាម្នាក់ដែលធ្វើមិនដល់ចំនួនគោលដៅដែលបានកំណត់ ។
៣ / ស្នើសុំក្រុមហ៊ុនក្នុងករណីកម្មករនិយោជិតភ្លេចស្គេនមេដៃសូមកុំឲ្យក្រុមហ៊ុនកាត់ប្រាក់ឈ្នួលពេលដែលមានការបញ្ជាក់ពីប្រធានក្រុមប្រធានផ្នែក ។
៤ / ស្នើសុំកុំឲ្យក្រុមហ៊ុនកាត់ប្រាក់រង្វាន់ទៀងទាត់នៅពេលដែលកម្មករនិយោជិតដែលមកធ្វើការយឺតក្រោម ៥នាទី ។
៥ / ស្នើសុំឲ្យក្រុមហ៊ុនអនុញ្ញាតឲ្យមានលក់ភេសជ្ជៈក្នុងបរិវេណក្រុមហ៊ុនដូចមុនវិញ ។
៦ / ស្នើសុំឲ្យក្រុមហ៊ុនកុំឲ្យមានការរឹតបន្តឹងចំពោះករណីកម្មករនិយោជិតសុំច្បាប់ ។
ប្រភពដដែលបានបន្តថាៈ បច្ចុប្បកម្មករដែលធ្វើកូដកម្មបាននាំគ្នាវិលត្រឡប់ទៅផ្ទះវិញអស់ ហើយរង់ចាំរកដំណោះស្រាយ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០១៩ ។
សូមបញ្ជាក់ការធ្វើកូដកម្មនេះពុំមានប្រើអំពើហិង្សាអ្វីនោះទេ ៕ យឹម សុថាន